ព័ត៌មានអន្តរជាតិ

ចិនសង្ឃឹមថា ប្រទេសបារាំង នឹងធ្វើការជាមួយចិន ដើម្បីបន្ធូរបន្ថយភាពតានតឹង នៅមជ្ឈិមបូព៌ា

បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនសង្ឃឹមថា ប្រទេសបារាំងនឹងធ្វើការជាមួយប្រទេសចិន ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា និងរួមគ្នាគោរពតាមបទដ្ឋាន ជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ កាលពីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ថា នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot, លោក Wang ដែលក៏ជាសមាជិក នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានជំរុញឱ្យប្រទេសបារាំង ប្រកាន់ខ្ជាប់នូវជំហរដែលមានគោលបំណង និងយុត្តិធម៌ ព្រមទាំងរក្សាវិធីសាស្រ្តស្ងប់ស្ងាត់ និងសមហេតុផលលើស្ថានភាពបច្ចុប្បន្ន ។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សារបស់ពួកគេ លោក Barrot បានពន្យល់លម្អិតអំពីជំហររបស់ប្រទេសបារាំង លើស្ថានភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ា ដោយសង្កត់ធ្ងន់ថា ប្រទេសបារាំង និងប្រទេសចិន ដែលជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានការទទួលខុសត្រូវពិសេស ក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

លោកបានកត់សម្គាល់ថា សកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ មិនបានស្វែងរកមតិរបស់ក្រុមប្រឹក្សាសន្តិសុខ ឬទទួលបានការអនុញ្ញាត ពីក្រុមប្រឹក្សាសន្តិសុខនោះទេ ដោយសង្កត់ធ្ងន់ថា គ្រប់ភាគីទាំងអស់ឥឡូវនេះគួរតែធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ការ បន្ធូរបន្ថយភាពតានតឹង និងដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងបញ្ហាផ្សេងៗទៀតតាមរយៈការចរចា។

លោក Barrot រដ្ឋមន្រ្តីការបរទេសបារាំង បាននិយាយថា ប្រទេសចិនរក្សាទំនាក់ទំនងល្អជាមួយអ៊ីរ៉ង់ និងប្រទេសនានានៅក្នុងតំបន់ឈូងសមុទ្រ ដោយបានសម្តែងក្តីសង្ឃឹមក្នុងការធ្វើការរួមគ្នាជាមួយប្រទេសចិន ដើម្បីដើរតួនាទីវិជ្ជមានក្នុងការបន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់៕
ប្រែសម្រួលៈ ណៃ តុលា

To Top