ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមានបាញ់កម្ទេច កប៉ាល់ណាមួយ ដែលហ៊ានឆ្លងច្រកសមុទ្រ ហ័រមូស

បរទេស៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់កងឆ្មាំបដិវត្តន៍ អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា ច្រកសមុទ្រហ័រមូស ត្រូវបានបិទ ហើយអ៊ីរ៉ង់នឹងបាញ់ទៅលើកប៉ាល់ណា មួយដែលព្យាយាមឆ្លងកាត់ច្រកនេះ,  នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន NDTV ចេញផ្សាយ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ថា នេះគឺជាការព្រមានដ៏ច្បាស់លាស់បំផុត របស់អ៊ីរ៉ង់ចាប់តាំងពីបានប្រាប់កប៉ាល់នានាថា ខ្លួនកំពុងបិទផ្លូវនាំ ចេញនៅថ្ងៃសៅរ៍ ដែលជាចលនាមួយដែលគំរាមកំហែង ដល់ការស្ទះលំហូរប្រេង ដែលមានមួយភាគប្រាំនៃពិភពលោក និងធ្វើឱ្យតម្លៃប្រេងឆៅកើនឡើងយ៉ាងខ្លាំង។

លោក Ebrahim Jabari ទីប្រឹក្សាជាន់ខ្ពស់របស់មេបញ្ជាការកងឆ្មាំបាននិយាយនៅក្នុងសុន្ទរកថាដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា “ច្រកសមុទ្រ (ហ័រមូស) ត្រូវបានបិទ។ ប្រសិនបើនរណាម្នាក់ព្យាយាមឆ្លងកាត់ វីរបុរសនៃកងឆ្មាំបដិវត្តន៍ និងកងទ័ពជើងទឹកធម្មតា នឹងដុតកប៉ាល់ទាំងនោះ”។

ច្រកសមុទ្រហរមូស នេះគឺជាផ្លូវនាំចេញប្រេងដ៏សំខាន់បំផុតរបស់ពិភពលោក ដែលភ្ជាប់ប្រទេសផលិតប្រេងធំជាងគេនៅឈូងសមុទ្រ ដូចជាអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អ៊ីរ៉ាក់ និងអារ៉ាប់រួម ជាមួយឈូងសមុទ្រអូម៉ង់ និងសមុទ្រអារ៉ាប់៕
ប្រែសម្រួលៈ ណៃ តុលា

To Top