លោក ស៊ីន ចាន់សិរីវុត្ថា ៖ ទោះកំពុងផ្ទុះសង្គ្រាម នៅមជ្ឈិមបូព៌ា តែដែនអាកាសកម្ពុជា នៅតែមានសុវត្ថិភាព
ភ្នំពេញ ៖ រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា គូសបញ្ជាក់ថា ការគ្រប់គ្រងដែនអាកាស របស់កម្ពុជា នៅតែមានសុវត្ថិភាព និងដំណើរការជាប្រក្រតី ទោះបីជាបច្ចុប្បន្នកំពុងផ្ទុះសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា មានការបិទដែន អាកាសជាបណ្តោះអាសន្ន នៅមជ្ឈិមបូព៌ាក៏ដោយ។

លោក ស៊ីន ចាន់សិរីវុត្ថា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ថា ការកើនឡើងនៃសកម្មភាព យោធាថ្មីៗ នៅតំបន់មជ្ឈិមបូព៌ា បានបណ្តាលឱ្យមានការបិទ ដែនអាកាសជាបណ្តោះអាសន្ន , ការរំខានប្រតិបត្តិការ នៅអាកាសយានដ្ឋាន មជ្ឈមណ្ឌលសំខាន់ៗ ក្នុងតំបន់ឈូងសមុទ្រ (Gulf) , ការប្តូរផ្លូវហោះហើរនៅលើច្រកអាកាសចរណ៍ រវាងអឺរ៉ុប-អាស៊ី និងការកើនឡើង នៃចំណាយប្រេងឥន្ធនៈ និងថ្លៃធានារ៉ាប់រងហានិភ័យសង្គ្រាមក៏ដោយ ប៉ុន្តែមិនបានធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រង ដែនអាកាសកម្ពុជានោះទេ។
លោកបន្តថា កម្ពុជានៅតែមានសុវត្ថិភាព មានដំណើរការជាប្រក្រតី និងមិនរងផលប៉ះពាល់ពីទស្សនៈសន្តិសុខ ឬការគ្រប់គ្រងដែនអាកាសឡើយ។ អាកាសយានដ្ឋាន និងដែនអាកាសជាតិរបស់កម្ពុជា នៅតែបន្តដំណើរការតាមស្ថានភាពធម្មតា ។
ប៉ុន្តែទោះបីជាយ៉ាងណា ជុំវិញការផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ានេះ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលក៏បានថ្លែងថា ក៏មានផលប៉ះពាល់ដល់អ្នកដំណើរទាំងបរទេសនិងខ្មែរចូលមកកម្ពុជាដែរតាមរយៈការតភ្ជាប់ដោយផ្ទាល់ ឬតាមរយៈការចុះចត ទៅកាន់កម្ពុជា តាមមជ្ឈមណ្ឌលអាកាសចរណ៍ ក្នុងតំបន់ឈូងសមុទ្រ ដូចជា មជ្ឈមណ្ឌលទីក្រុងដូហា , មជ្ឈមណ្ឌលទីក្រុងឌូបៃ និងមជ្ឈមណ្ឌលទីក្រុង អាប៊ូដាប៊ី ដែលក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ មានតួនាទីជាខ្សែភ្ជាប់សំខាន់របស់កម្ពុជា ទៅកាន់អឺរ៉ុប , អាមេរិកខាងជើង , អាហ្វ្រិក និងទេសចរណ៍ចូលមកពីតំបន់មជ្ឈិមបូព៌ា ។

លោកបញ្ជាក់ថា “ទាំង៣នេះ ក្នុងមួយសប្តាហ៍៥២ជើង ហើយភ្ញៀវធ្វើដំណើរអាចប៉ះពាល់ដែរ គឺក្នុងមួយសប្តាហ៍ខ្ទង់ជាង១ម៉ឺន២ពាន់នាក់ បើអូសបន្លាយដល់ជាង១ ខែប៉ះពាល់ដល់ជាង៥ម៉ឺននាក់ ។ មិនមែនបានន័យថា ភ្ញៀវហ្នឹងមិនធ្វើដំណើរបានសោះទេ គ្រាន់តែប៉ះពាល់ ដល់ការធ្វើដំណើររបស់គាត់ ។ គាត់អាចធ្វើដំណើរតាមផ្លូវផ្សេងៗមកកាន់ប្រទេសកម្ពុជា ប៉ុន្តែផលប៉ះពាល់នេះមិនមែនប៉ះតែកម្ពុជានោះទេ គឺប៉ះពាល់ជាសកល” ។
ជាមួយគ្នានេះ អ្នកនាំពាក្យអះអាងទៀតថា កម្ពុជាកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធ និងសហការបន្តជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលពាក់ព័ន្ធ និងអាជ្ញាធរអាកាសយានដ្ឋាន ដើម្បីតាមដានការវិវត្តន៍ស្ថានការណ៍ និងសម្របសម្រួលក្នុងការរៀបចំការធ្វើដំណើរ នៅពេលចាំបាច់។
លោក ស៊ីន ចាន់សិរីវុត្ថាក៏បានធានាអះអាង ដល់អ្នកដំណើរអន្តរជាតិថា ប្រព័ន្ធអាកាសចរណ៍របស់កម្ពុជា នៅតែមានស្ថិរភាព និងសុវត្ថិភាព និងវិធានការបច្ចុប្បន្នមានលក្ខណៈបង្ការ ដោយសារបណ្តាលមកពីកត្តាខាងក្រៅ៕
