អ៊ីស្លាម៉ាបាដ៖ ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសុក្របានបន្ធូរបន្ថយបន្ថែមនូវការរឹតត្បិតជំងឺកូវីដ-១៩ លើវិស័យអាកាសចរណ៍ ដើម្បីអនុញ្ញាតឱ្យមានជើងហោះហើរអន្តរជាតិចេញ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។
ប្រតិបត្ដិការហោះហើរជាទៀងទាត់ ទៅកាន់គោលដៅបរទេស ដែលត្រូវបានផ្អាកនៅថ្ងៃទី ២១ ខែមីនាដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លងកូវីដ-១៩នេះនឹងចាប់ផ្តើមឡើងវិញចាប់ពី ពាក់កណ្តាលអធ្រាត្រនេះតទៅ។
អ្នកនាំពាក្យក្រសួងអាកាសចរណ៍ បានឲ្យដឹងថាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេស នឹងត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការ ពីព្រលានយន្តហោះអន្តរជាតិទាំងអស់របស់ប៉ាគីស្ថាន លើកលែងតែអាកាសយានដ្ឋាននៅ Gwadar និង Turbat ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Balochistan ។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ត្រូវបានគេណែនាំ ឱ្យប្រកាន់ខ្ជាប់នូវការរឹតត្បិតរបស់បណ្តាប្រទេសគោលដៅ និងធានាបាននូវការដកការផ្អាក យន្តហោះរបស់ពួកគេ៕
ដោយ ឈូក បូរ៉ា