ម៉ាស៊ីនបោសសម្អាតមីនយន្ត មកដល់កម្ពុជា ដើម្បីសម្អាតគ្រាប់សល់ ពីសង្គ្រាមថៃ ឈ្លានពានកម្ពុជា
ភ្នំពេញ ៖ ម៉ាស៊ីនបោសសម្អាតមីនយន្ត (Robot) ត្រូវបានដឹកជញ្ជូន មកដល់ប្រទេសកម្ពុជាហើយ ដើម្បីបោសសម្អាត គ្រាប់យុទ្ធភណ្ឌ ដែលទំលាក់ដោយយោធាថៃ មកលើកម្ពុជា ក្នុងសង្គ្រាមឈ្លានពាន កម្ពុជាអស់រយៈពេល២១ថ្ងៃកន្លងមក ។
យោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ហេង រតនា នាយកមជ្ឈមណ្ឌល សកម្មភាព កម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា CMAC ស្វាគមន៍ការមកដល់កម្ពុជា នូវម៉ាស៊ីនបោសសម្អាតមីន យន្ត(Robot) ។ ម៉ាស៊ីនបោសសម្អាតមីនយន្តនេះ ត្រូវបានសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសរួមគ្នា រវាងអង្គភាព CMAC និងក្រុមហ៊ុនជប៉ុន IOS ។

លោក ហេង រតនា បានថ្លែងឱ្យដឹងទៀតថា ម៉ាស៊ីនបោសសម្អាតមីនយន្ត ចំនួន៤គ្រឿងនេះ នឹងត្រូវដាក់ពង្រាយប្រតិបត្តិការនៅជួរមុខ ដើម្បីចូលរួមរំដោះផ្ទៃដី រងផលប៉ះពាល់ដោយសំណល់គ្រាប់ យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពានកម្ពុជា និងគ្រាប់មីន ក្នុងការធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា សង្គ្រាមថៃ ឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា បានចាប់ផ្តើមឡើងពីថ្ងៃទី៨ដល់២៧ធ្នូ បង្កឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ដោយសារការបាញ់គ្រាប់ទម្លាក់ មកលើទីតាំងសំខាន់ៗរបស់កម្ពុជា ពិសេសនៅភូមិឋាន ដែលមានជនស៊ីវិលរស់នៅ៕







