ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ រាជរដ្ឋាភិបាល កំពុងតាមដាន សង្គ្រាមនៅមជ្ឈិមបូព៌ា ប៉ះពាល់ដល់តម្លៃប្រេង

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះផលប៉ះពាល់ នៃសង្គ្រាមនៅមជ្ឈិមបូព៌ា ជាពិសេសការគ្រប់គ្រងតម្លៃប្រេងឥន្ទនៈ ។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១០ ខែកុម្ភៈ លោក ប៉ែន បូណា បានលើកឡើងថា ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងផ្ទុះឡើងបណ្តាលឱ្យប៉ះពាល់ ដល់ការគ្រប់គ្រងតម្លៃប្រេងឥន្ទនៈ រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមហ៊ុនចែកចាយ និងផ្គត់ផ្គង់ប្រេងឥន្ធនៈ តាមស្ថានីយ និងដេប៉ូ នៅតាមបណ្តារាជធានី-ខេត្ត ត្រូវធានាការអនុវត្តកាតព្វកិច្ច នៃការលក់ទៅតាមតារាង ដាក់តាំងបង្ហាញនៅមុខស្ថានីយ៍នីមួយៗ ។

លោកថា “ដើម្បីធានាបាន នូវតម្លាភាពនៃការផ្គត់ផ្គង់ និងការទិញ-លក់ប្រេងឥន្ធនៈនៅតាមស្ថានីយនិងដេប៉ូនានា រាជរដ្ឋាភិបាល តាមរយៈក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមហ៊ុនចែកចាយនិងផ្គត់ផ្គង់ប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ នៅតាមបណ្តារាជធានី-ខេត្ត ត្រូវធានាការ អនុវត្តកាតព្វកិច្ច ត្រូវលក់តាមតម្លៃ ដែលស្ថានីយនិងដេប៉ូ បានដាក់តាំងបង្ហាញ ជាសាធារណៈដោយយោង សេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ និងត្រូវធានាសុក្រឹតភាពនៃគុណភាពនិងបរិមាណប្រេងឥន្ធនៈ ដែលត្រូវលក់ជូនអតិថិជន” ។

អ្នកនាំពាក្យបន្ថែមថា ម្ចាស់ស្ថានយ៍ត្រូវធានាតម្លាភាពជូនអតិថិជនចំពោះសន្និធិ ឬស្តុកប្រេងឥន្ធនៈដែលមាន ជាពិសេសត្រូវជូនដំណឹងជាមុនយ៉ាងតិច១ថ្ងៃ មកកាន់មន្ទីររ៉ែនិងថាមពល , មន្ទីរពាណិជ្ជកម្ម , សាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) និងអាជ្ញាធរមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត ក្នុងករណីប្រេងឥន្ធនៈអស់ពីស្តុក ឬមានបំណងផ្អាកលក់ប្រេងឥន្ធនៈជាបណ្តោះអាសន្ន ។ ជាមួយគ្នានេះ ក្នុងករណីអស់ស្តុក ត្រូវជូនដំណឹង ជាសាធារណៈនៅថ្ងៃដែលមានស្តុកប្រេងឥន្ធនៈវិញ ។ ម្ចាស់ស្ថានីយត្រូវធានាតម្លាភាព និងគណនេយ្យភាព នៃស្តុកប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូ ដោយជូនដំណឹងមកកាន់អ្នកពាក់ព័ន្ធ អំពីស្ថានភាពស្តុកជាក់ស្តែង ១០% មុនពេលអស់ស្តុក ។

បើតាមលោក ប៉ែន បូណា មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្ម មន្ទីររ៉ែនិងថាមពល និងអាជ្ញាធរ តាមបណ្តារាជធានី-ខេត្ត នឹងបន្តចុះតាមដាននិងត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីធានាបានអនុលោមភាព នៃការគ្រប់គ្រងការទិញ-លក់ប្រេងឥន្ធនៈ តាមស្ថានីយនិងដេប៉ូ រួមទាំងអនុវត្តច្បាប់ ចំពោះបុគ្គលខិលខូចណា ដែលកេងប្រវ័ញ្ចនិងឆ្លៀត ឱកាសដំឡើងថ្លៃប្រេងឥន្ធនៈ៕

To Top