event

សហគ្រិនខ្មែរ KE ប្រកាសពីភាពជាដៃគូ ដើម្បីពង្រឹងវិស័យម្រេច និងគ្រឿងទេសកម្ពុជា CPSF

ភ្នំពេញ៖ សហពន្ធ័ម្រេច និងគ្រឿងទេសកម្ពុជា (CPSF) មានសេចក្តីរីករាយប្រកាសអំពីភាពជាដៃគូយុទ្ធសាស្ត្រថ្មីជាមួយ សហគ្រិនខ្មែរ (KE) ដើម្បីពង្រឹងវិស័យម្រេច និងគ្រឿងទេសកម្ពុជា តាមរយៈការពង្រីកទីផ្សារអន្តរជាតិ និងការផ្សព្វផ្សាយពាណិជ្ជកម្មលើឆាកសកល។

កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ តាមរយៈភាពជាដៃគូនេះ សហគ្រិនខ្មែរ នឹងគាំទ្រ សហពន្ធ័ម្រេច និងគ្រឿងទេសកម្ពុជា ក្នុងការដឹកនាំ សមាជិករបស់សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ចូលរួមក្នុងពិព័រណ៍ និងវេទិកាពាណិជ្ជកម្មអន្តរជាតិសំខាន់ៗ គោលបំណងនៃកិច្ចសហការនេះ គឺដើម្បីបង្កើនភាពលេចធ្លោផលិតផលម្រេចកម្ពុជានៅលើទីផ្សារអន្តរជាតិ ពង្រីកទិសដៅនាំចេញ និងបង្កើនឱកាសលក់សម្រាប់អ្នកផលិត និងអ្នកនាំចេញក្នុងស្រុក។

កិច្ចសហការនេះ ក៏រួមបញ្ចូលការគាំទ្រផ្នែកបច្ចេកទេស ដូចជា ការរៀបចំកម្មវិធីបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពសមាជិក ការភ្ជាប់បណ្តាញអាជីវកម្មទាំងក្នុង និងក្រៅប្រទេស និងតាមដានការរីកចម្រើនរបស់វិស័យនេះផងដែរ។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិបត្តិ សហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ “កិច្ចសហប្រតិបត្តិការនេះបង្ហាញពីសក្តានុពលដ៏រឹងមាំរបស់ម្រេចកម្ពុជា នៅលើទីផ្សារអន្តរជាតិជាពិសេសគុណភាព និងលក្ខណៈពិសេសរបស់វា។” លោកបណ្ឌិត បានបន្តបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធម្រេចនិងគ្រឿងទេសកម្ពុជា ដើម្បីលើកកម្ពស់តម្លៃម្រេចកម្ពុជា ពង្រីកឱកាសនាំចេញ និងគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាពនៃវិស័យម្រេច។

លោក ម៉ាក់ នី ប្រធាន សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានសម្តែងការអរគុណចំពោះការគាំទ្ររបស់សហគ្រិនខ្មែរ និងសង្ឃឹមថាសហគ្រិនខ្មែរ និងបន្តជួយគាំទ្រឱ្យវិស័យនេះមាននិរន្តភាពបន្តទៅមុខថែមទៀត។

កិច្ចសហការនេះ បង្ហាញពីការប្តេជ្ញាចិត្តរួមរបស់សហគ្រិនខ្មែរ និង សហពន្ធ័ម្រេច ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការពង្រឹងសមត្ថភាពអ្នកនាំចេញ និងការលើកកម្ពស់ខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាលើឆាកអន្តរជាតិ។

To Top