ភ្នំពេញ ៖ ក្នុងរយៈពេល ១ខែ ចាប់ពីថ្ងៃទី១-៣១ ខែឧសភា ឆ្នាំ២០២០ នៃការរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី នគរបាលចរាចរណ៍ បានឃាត់ និងផាកពិន័យចំពោះយានយន្ត ល្មើសច្បាប់ចំនួន ៤៤.៧៦៥គ្រឿង ក្នុងនោះមានទោចក្រយានយយន្ត និងត្រីចក្រយានយន្តចំនួន ៣២.៧២៦គញរឿង ស្មើនឹង ២៧% និងរថយន្តគ្រប់ប្រភេទចំនួន ១២.០៣៩គ្រឿង ស្មើនឹង ២៧% ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការរឹតបន្ដឹង អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១ មិថុនានេះ បានឲ្យដឹងថា បើប្រៀបធៀបរយៈពេលដូចគ្នានៃខែឧសភា ឆ្នាំ២០១៩ ឃើញថា ស្ថានភាពចរាចរណ៍មាន ភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ ចរាចរណ៍បានថយចុះចំនួន ១៣០លើក ស្មើ៣៧% (២១៨/៣៤៨ លើក) អ្នកស្លាប់ថយចុះ ៤២នាក់ ស្មើ២៧% (១១៣/១៥៥នាក់) អ្នករបួសថយចុះ ១៦២នាក់ ស្មើ៣២% (៣៤២/៥០៤នាក់)។ ប៉ុន្តែបើប្រៀបធៀបទៅនឹងខែមេសា ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ២៨លើក ស្មើ១១% (២១៨/២៤៦នាក់) អ្នកស្លាប់ថយចុះ ១៤នាក់ ស្មើ១១% (១១៣/១២៧នាក់) អ្នករបួសថយចុះ ២៦នាក់ ស្មើ៧% (៣៤២/២៤៦លើក) ។
គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន បញ្ជាក់ថា ចំណុចកត់សម្គាល់ អ្នកប្រើប្រាស់ផ្លូវ យ៉ាងច្រើន គោរពនិងអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស បើកបរអធ្យាស្រ័យ និងមានសណ្តាប់ធ្នាប់ល្អដែលបានឆ្លុះបញ្ចាំងអំពីចូលរួមលើកកម្ពស់ និងភាពថ្លៃថ្នូររបស់សង្គមជាតិ និងជាប្រភពលើកទឹកចិត្តដល់ កងកម្លាំងអនុវត្តច្បាប់ឲ្យកាន់តែមាន ស្មារតីខ្ពស់ ក្នុងការបំពេញភារកិច្ចរឹតបន្តឹង ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកផងដែរ ។
គ.ស.ច.គ បានកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងមន្រ្តីអនុវត្តច្បាប់នៃស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ចដ៏ថ្លៃថ្លា ជំរុញការរឹតបន្ដឹងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងការបម្រើសេវាសាធារណៈ ប្រកបដោយភាពថ្លៃថ្នូរ ទន់ភ្លន់សុភាពរាបសារ និងម៉ឺងម៉ាត់ ក្នុងស្មារតី ទទួលខុសត្រូវខ្ពស់។
គ.ស.ច.គ ក៏បានទទួលយកនូវមតិរិះគន់ ក៏ដូចជាសំណូមពរនានា ដើម្បីពិនិត្យឆ្លុះបញ្ចាំង និងកែលម្អទាន់ពេលវេលា នូវកង្វះខាតទាំងឡាយ សំដៅធ្វើឲ្យការរឹតបន្ដឹងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកកាន់តែ ល្អប្រសើរឡើងថែមទៀត ៕ ដោយ ខា ដា