ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលឆ្លើយតប នឹងវីរុសកូរ៉ូណា របស់ប្រទេសរុស្ស៊ី បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មាន មួយកាលពីថ្ងៃសៅរ៍ថា រុស្ស៊ី ត្រូវបានគេបញ្ជាក់ថា មានករណីឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៨.៩៥២នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនដល់៣៩៦.៥៧៥នាក់ ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ចំនួននៃអ្នកស្លាប់បានកើនឡើងពី ១៨១ ដល់៤.៥៥៥នាក់ ។ ទន្ទឹមនឹងនេះដែរ ពលរដ្ឋចំនួន១៦៧.៤៦៩នាក់ បានជាសះស្បើយពីជំងឺ ក្នុងនោះរាប់បញ្ចូល ទាំងអ្នកជាសះស្បើយ ចំនួន៨.២១២នាក់ គិតក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះ ។
ក្រុងម៉ូស្គូ ជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរ ជាងគេរបស់ប្រទេសនេះ ដោយមានអ្នកឆ្លងជំងឺថ្មី ចំនួន២.៣៦៧នាក់ គិតក្នុងរយៈពេល២៤ម៉ោង ដែលនាំឲ្យអ្នកឆ្លងជំងឺ សរុបចំនួន១៧៨.១៩៦នាក់ ។
នៅក្នុងសេចក្តីប្រកាស បានឲ្យដឹងទៀតថា ពលរដ្ឋលើសពី១០,៣លាននាក់ នៅទូទាំងប្រទេស បានទទួលការធ្វើតេស្ត រកមើលមេរោគនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា