ភ្នំពេញ ៖ លោកស្រី កុយ ពិសី អនុប្រធាន គណៈកម្មាធិការ ព្រំដែនកម្ពុជា-វៀតណាម បានបកស្រាយសន្ធិសញ្ញាបំពេញ បន្ថែមលើសន្ធិសញ្ញា កំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ ។
ការបកស្រាយនេះ ក្រោយពីគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គ ប ម) បានបង្ហាញការសោកស្តាយ ចំពោះរដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ ស្តីពីសន្ធិសញ្ញា បំពេញបន្ថែមលើសន្ធិសញ្ញា កំណត់ព្រំដែន កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ជាមួយនឹងការ សោកស្តាយបក្សនេះ ថ្លែងថាមរតកប្រវត្តិសាស្ត្រនៃនយោបាយដឹកនាំរដ្ឋ នឹងស្ថិតនៅខាងគណបក្ស ដឹកនាំរាជរដ្ឋាភិបាល ហើយភាពឈឺចាប់ នឹងដក់ក្នុងដួងចិត្តប្រជាពលរដ្ឋម្ចាស់ប្រទេស ព្រមទាំងមានសំណួរច្រើន នឹងត្រូវបានសួរនាំវែកញែកពីកូនខ្មែរ ជំនាន់ក្រោយពាក់ព័ន្ធករណី ដែលរដ្ឋសភាបានធ្វើនេះ ។
លោកស្រី កុយ ពិសី បានបកស្រាយក្នុងហ្វេសប៊ុកនាថ្ងៃ៧ វិច្ឆិកាថា សន្ធិសញ្ញានេះ គឺទី១-ទទួលស្គាល់គោលការណ៍ខ្សែព្រំដែន មិនកែប្រែក្រោយឯករាជ្យ (មានន័យខ្លីថា អ្នកណានៅ ត្រឹមណានៅត្រឹមនោះ) ។
ទី២-ទទួលយកផែនទីខា្នត ១/១០០ ០០០ បោះពុម្ពដោយក្រុមភូមិសាស្ត្រ ធ្វើជាមូលដ្ឋានក្នុងការធ្វើព្រំដែន រវាងប្រទេសទាំងពីរ ។
ទី៣-ឯកភាពកែខ្សែព្រំដែន នៅលើផែនទីខ្នាត១/១០០ ០០០ ៦តំបន់ (ដោយផែនទីតម្កល់នៅ UN មានការកោសលប់ និងមានកង្វះខាតបច្ចេកទេស) ។
ទី៤-ទទួលយកគោលការណ៍ច្បាប់ អន្តរជាតិមកប្រើ ស្តីពី ខ្សែព្រំដែនដើរតាមផ្លូវទឹក (ចែកទឹកពាក់កណ្តាលម្នាក់ ចំពោះផ្លូវទឹកដែលមិន អាចធ្វើនាវាចរបាន រីឯផ្លូវទឹកដែលអាចធ្វើនាវាចរបាន យកតាមខ្សែជ្រលងទឹកជ្រៅ) ដោយខ្សែព្រំដែនបារាំងទុកឲ្យភាគច្រើនកម្ពុជា បានតែមាត់ច្រាំង រីឯទឹកបានទៅវៀតណាម ។
ទី៥-រក្សាស្ថានភាពដដែល នៅតំបន់ដែលមិនទាន់ឯកភាពគ្នា លើខ្សែព្រំដែនតាមស្មារតី សេចក្តីប្រកាសរួម១៧មករា ឆ្នាំ១៩៩៥ ។
ទី៦-កែសម្រួលខ្សែព្រំដែន៣១ តំបន់ទៅតាមការកាន់កាប់ជាក់ស្តែង របស់ពលរដ្ឋ ដើម្បីរក្សាបានការគ្រប់គ្រងដីធ្លីដដែល (មិនផ្លាស់ប្តូទីតាំងតាមខ្សែព្រំដែន) ។
ទី៧-ការពារបាននូវបូរណភាពទឹកដីកម្ពុជា(មិនប្រែប្រួលទាំងបច្ចុប្បន្ន និងអនាគត) ។
និងជាពិសេសទី៨-រក្សាបាននូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការជិតខាងល្អ ប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីភាពរុងរឿង សុខដុមរមនាដល់ពលរដ្ឋតរៀងទៅ ៕