ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ស ថេង ដឹកនាំកិច្ចប្រជុំ បូកសរុបការងារប្រចាំខែ មីនា និងដាក់ទិសដៅពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ

ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនគរបាលប្រចាំខែមីនា និងលើកទិសដៅការងារបន្តសម្រាប់ខែមេសា ព្រមទាំងពិធីបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច។

ក្នុងកិច្ចប្រជុំនេះ លោកស្នងការ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់កងកម្លាំងទូទាំងខេត្ត ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋនាពេលកន្លងមក។ ទន្ទឹមនឹងនោះ លោកក៏បានធ្វើការបំពាក់ឋានន្តរសក្តិ ជូនដល់មន្ត្រីនគរបាល ថ្នាក់អនុសេនីយ៍ត្រី ដល់កម្លាំងចំនួន៨រូប ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជាការលើកទឹកចិត្តដល់ស្មារតីបម្រើជាតិ និងប្រជាជន ។

ដោយសារបុណ្យចូលឆ្នាំប្រពៃណីខ្មែរជិតចូលមកដល់ លោកឧត្តមសេនីយ៍ទោ ស ថេង បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងទាំងអស់ ត្រូវត្រៀមលក្ខណៈ ២៤ម៉ោងលើ២៤ម៉ោង ដើម្បី ការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់ នៅតាមទីវត្តអារាម រមណីយដ្ឋាន និងទីតាំងសប្បាយភាពនានា។ បង្កើនការយាមកាម និងសម្រួលចរាចរណ៍តាមដងផ្លូវជាតិ ដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់។

លោកស្នងការ បានសង្កត់ធ្ងន់លើការចុះអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសំខាន់ៗចំនួន ៣ គ្រោះថ្នាក់អគ្គិភ័យ ត្រូវពិនិត្យធូបទៀន ចរន្តអគ្គិសនី និងចង្ក្រានហ្គាស មុនពេលចាកចេញពីផ្ទះ។ គ្រោះថ្នាក់ចរាចរណ៍ គោរពច្បាប់ចរាចរណ៍ “ពិសាគ្រឿងស្រវឹង កុំបើកបរ”។ បន្តបង្ការ បង្ក្រាប និងទប់ស្កាត់រាល់សកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋាន បទល្មើសក្មេងទំនើង ល្បែងស៊ីសងគ្រប់ប្រភេទ នឹងបទល្មើសផ្សេងៗទៀត ។

លោកឧត្តមសេនីយ៍ទោ បានរំលឹកដល់មន្ត្រីទាំងអស់ត្រូវពង្រឹងវិន័យ រក្សាសេចក្តីថ្លៃថ្នូរ វិន័យកងកម្លាំងនគរបាលជាតិ និងមានសីលធម៌ល្អ ក្នុងការប្រស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ។ បន្តជំរុញការបណ្តុះបណ្តាលជំនាញបន្ថែម ដើម្បីបង្កើនសមត្ថភាពឆ្លើយតបទៅនឹងបទល្មើសបច្ចេកវិទ្យា និងបទល្មើសផ្សេងៗឱ្យកាន់តែមានប្រសិទ្ធភាព។ ការបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ និងការធានាបាននូវសុវត្ថិភាពសង្គម គឺជាកាតព្វកិច្ចចម្បងរបស់កងកម្លាំងយើង ។ ចុងក្រោយ ក៏មានការប្រគល់នូវខោអាវ ការពារពន្លត់អគ្គីភ័យ ជូនដល់អធិការដ្ឋាននគរបាលក្រុង.ស្រុក ក្នុងមួយអធិការដ្ឋាន ចំនួន២ឈុត ។

អត្ថបទនេះ÷ ស្នងការនគរបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល

To Top