ក្រសួងបរិស្ថាន ប្រកាសអភិវឌ្ឍកោះស្រឡៅ ជាកោះអព្យាក្រឹតកាបូនគំរូដំបូងគេ នៅកម្ពុជា
ភ្នំពេញ ៖ កោះស្រឡៅ ស្ថិតនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកបុទុមសារគរ ខេត្តកោះកុង នឹងក្លាយជាកោះអព្យាក្រឹតកាបូនគំរូនៅកម្ពុជា និងនៅក្នុងតំបន់។

គម្រោងរៀបចំអភិវឌ្ឍន៍កោះស្រឡៅជាកោះ អព្យាក្រឹតកាបូន (Carbon Neutral) ដែលមានប្រជាពលរដ្ឋរស់នៅចំនួនជាង ៣០០គ្រួសារ ត្រូវបានប្រកាសដោយ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងខេត្តកោះកុង និងការប្រារព្ធបុណ្យ«កោងកាងសន្តិភាព» នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅលើកោះស្រឡៅ ដោយផ្ទាល់។

លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ការរៀបចំជាកោះអព្យាក្រឹតកាបូនគឺផ្តោតលើយុទ្ធសាស្រ្តចម្បង៣គឺ រៀបចំហេដ្ឋារចនាសម្ព័ន្ធ និងជំរុញការចូលរួមអនុវត្តសកម្មភាព ពីអ្នកពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីលើកកម្ពស់ការអភិរក្សបរិស្ថាន និងជំរុញការអភិវឌ្ឍន៍បៃតងប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

លោករដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ដើម្បីប្រែក្លាយកោះស្រឡៅដ៏ស្រស់ស្អាត និងមានសក្តានុពល សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពទៅជា កោះអព្យាក្រឹតកាបូននាពេលខាងមុខ ក្រសួងបរិស្ថាននឹងរៀបចំផែនការសកម្មភាពសំខាន់ៗដូចជា៖ ១.ធ្វើការដាំស្តារព្រៃកោងកាង និងព្រៃតំបន់ត្រូពិចដែលបានបាត់បង់កន្លងមក ២.រៀបចំហេដ្ឋារចនាសម្ព័ន្ធ មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ៣.ការអភិវឌ្ឍន៍ដោយប្រើបច្ចេកវិទ្យាបៃតង ការប្រើប្រាស់មធ្យោបាយធ្វើដំណើនិងដឹកជញ្ជូនជាមួយថាមពលពន្លឺព្រះអាទិត្យ (ភ្លើងទេវតា) និងថាមពលកកើតឡើងវិញ ៤.ការគ្រប់គ្រងសំណល់រឹង តាមរយៈការញែក និងទុកដាក់សំណល់ ឱ្យបានត្រឹមត្រូវ ដោយមិនត្រូវដុតសំណល់ទាំងនោះដោយគ្មានការណែនាំបច្ចេកទេសពីស្ថាប័នជំនាញ ៥.ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលលំហែបៃតង ដែលមានមេត្រីបរិស្ថានដើម្បីជំរុញនិងទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្ត និង៦.ការធ្វើកសិកម្មវ័យឆ្លាត។ល។

សូមបញ្ជាក់ថា ក្នុងពិធី «ប្រកាសចាប់ផ្តើមការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ ជាសហគមន៍អព្យាក្រឹតកាបូន និងពិធីបុណ្យកោងកាងសន្តិភាព» លោកបណ្ឌិត រដ្ឋមន្រ្តីបានប្រគល់ ជូនអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ៕
