កម្ពុជា គឺជាតួអង្គយុទ្ធសាស្ត្រ ស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់ទន្លេមេគង្គ និងតំបន់សេដ្ឋកិច្ចអាស៊ាន-ចិន
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានរំលេចថា កម្ពុជា គឺជាតួអង្គយុទ្ធសាស្ត្រ ស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់ទន្លេមេគង្គ និងតំបន់សេដ្ឋកិច្ចអាស៊ាន-ចិន បានផ្តល់ភាពអនុគ្រោះបំផុតសម្រាប់វិនិយោគិន។

ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល ក្នុងឱកាសអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន Guangxi State Farms Mingyang Starch Development Co., Ltd. ដឹកនាំដោយលោក Chen Mingyu ប្រធានក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក Chen Mingyu បានគូសបញ្ជាក់ពីគោលបំណងយុទ្ធសាស្ត្រចំនួនបី ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា នាឱកាសនេះ រួមមាន៖ (១)បង្កើនការបញ្ជាទិញដំឡូងមីពីកម្ពុជាប្រមាណ ១លានតោន ដើម្បីនាំចេញទៅផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្ម តាមរយៈការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម, (២)ការសិក្សាពីកាលានុវត្តភាពក្នុងការបង្កើតរោងចក្រកែច្នៃតម្លៃបន្ថែមដោយផ្ទាល់នៅកម្ពុជា, និង (៣)ការផ្ទេរចំណេះដឹងតាមរយៈពិនិត្យលទ្ធភាពសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចែករំលែកបច្ចេកទេសដាំដុះ និងការកែច្នៃកម្រិតខ្ពស់ជូនដល់ប្រជាកសិករខ្មែរ។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រ និងជំរុញយ៉ាងមោះមុតលើការបង្កើតរោងចក្រកែច្នៃក្នុងស្រុក ដែលជាឆ្អឹងខ្នងនៃយុទ្ធសាស្ត្រផ្ដល់តម្លៃបន្ថែមដល់កសិផលខ្មែរ និងការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។ លោក បានរំលេចថា «កម្ពុជាគឺជាតួអង្គយុទ្ធសាស្ត្រដែលស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់ទន្លេមេគង្គ និងតំបន់សេដ្ឋកិច្ចអាស៊ាន-ចិន ដែលផ្តល់នូវភាពអនុគ្រោះបំផុតសម្រាប់វិនិយោគិន»។

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍គន្លឹះលើការជ្រើសរើសទីតាំងរោងចក្រ និងបានជម្រាបជូនអំពី «ផែនការមេភស្តុភារកម្មប្រទាក់ក្រឡា» របស់កម្ពុជា ដែលនឹងជួយសម្រួលដល់ការដឹកជញ្ជូនឱ្យកាន់តែរហ័ស និងកាត់បន្ថយថ្លៃដើមផលិតកម្ម ធ្វើឱ្យផលិតផលកម្ពុជាមានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារសកល។
តាមរយៈជំនួបនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរម្លឹកដោយក្តីសោមនស្សនូវវឌ្ឍនភាពនៃ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» រវាងប្រទេសទាំងពីរ ជាពិសេសយន្តការនៃ «គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន» ដែលមាន លោក វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃមជ្ឈិមបក្សកុម្មុយនីស្តចិន និងរូប លោកឧបនាយករដ្ឋមន្ត្រីផ្ទាល់ ជាសហប្រធាន។
យន្តការកម្រិតខ្ពស់នេះ គឺជាក្បាលម៉ាស៊ីនដ៏មានឥទ្ធិពលក្នុងការតម្រង់ទិស និងជំរុញរាល់គម្រោងវិនិយោគយុទ្ធសាស្ត្រឱ្យលេចចេញជាផ្លែផ្កាជាក់ស្តែង ដើម្បីឧត្តមប្រយោជន៍នៃប្រជាជាតិទាំងពីរ៕
