អធិកាបតីអាល្លឺម៉ង់ នឹងមិនឧបត្ថម្ភគាំទ្រមីស៊ីលប្រភេទ Taurus ឲ្យទៅអ៊ុយក្រែនទៀតឡើយ
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បានច្រានចោលការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ Taurus ទៅកាន់អ៊ុយក្រែន ដោយលើកហេតុផលថា ទីក្រុងគៀវលែងត្រូវការវាទៀតហើយ បន្ទាប់ពីអាចបង្កើតអាវុធផលិតក្នុងស្រុករបស់ខ្លួនទៅហើយនោះ។ ផ្ទុយទៅវិញ លោកបានអំពាវនាវសុំជាប្រាក់បន្ថែមទៀតដើម្បីបញ្ជូនទៅអ៊ុយក្រែនជំនួសវិញ។
ឆ្លើយសំណួរក្នុងសភាកាលពីថ្ងៃពុធ លោក Merz បាននិយាយថា ការជជែកដេញដោលលើមីស៊ីល Taurus ដែលមានរយៈចម្ងាយ៥០០គីឡូម៉ែត្រ និងអាចទៅដល់ទីក្រុងមូស្គូពីទឹកដីអ៊ុយក្រែន គឺមិនពាក់ព័ន្ធទៀតទេ ដោយសារការវិវឌ្ឍន៍របស់អ៊ុយក្រែនក្នុងការអភិវឌ្ឍន៍មីស៊ីលនេះដោយខ្លួនឯង។
លោកMerz បានប្រាប់សមាជិកសភាថា សព្វថ្ងៃនេះ អ៊ុយក្រែនខ្លួនឯងមានសព្វាវុធរយៈចម្ងាយឆ្ងាយនៅក្នុងឃ្លាំងរបស់ខ្លួន ដែលខ្លួនបានសាងសង់ឡើងដោយផ្នែកមួយ ដោយមានជំនួយរបស់យើង ហើយដែលមានប្រសិទ្ធភាពជាងមីស៊ីល Taurus ទៅទៀត។
អធិការបតីបានកត់សម្គាល់ថា នៅពេលគាត់តស៊ូមតិដំបូងសម្រាប់ការបញ្ជូនមីស៊ីលនៅក្នុងពេលនៅក្នុងបក្សប្រឆាំង គាត់សន្មត់ថាកងកម្លាំងប្រដាប់អាវុធមានឃ្លាំងប្រតិបត្តិការគ្រប់គ្រាន់សម្រាប់ចែករំលែក។ ទោះជាយ៉ាងណា តាំងពីចូលកាន់តំណែងកាលពីខែឧសភាកន្លងទៅ លោកបានដកខ្លួនចេញពីកិច្ចការងារនេះទៅហើយ៕
ប្រែសម្រួល៖ស៊ុនលី
