អតីតពលករ ដែលទទួលបានការងារនៅក្នុងរោងចក្រ ទទួលបានអត្ថប្រយោជន៍ច្រើនពីកម្មវិធីរៀនជំនាញដេរ ៧ថ្ងៃ
ភ្នំពេញ៖ អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃលើកឡើងថា ពួកគាត់ទទួលបានទាំងជំនាញ រៀនចប់មានការងារធ្វើ និងទទួលបានលុយក៏ដូចជាអត្ថប្រយោជន៍មួយចំនួនទៀតអំឡុងពេលកំពុងរៀនក្នុងវគ្គបណ្ដុះបណ្ដាលជំនាញដេររយៈពេល៧ថ្ងៃ។

អ្នកស្រី ចាន់ សោភា អតីតពលករដែលទទួលបានការងារនៅក្នុងរោងចក្រ ធី អេស ស្ព័ត (ខេមបូឌា) ឯ.ក នៅខេត្តកំពង់ស្ពឺបាននិយាយថា អ្នកស្រីពិតជាសប្បាយរីករាយដែលបានមកចូលរៀនជំនាញដេរនេះ ព្រោះអាចធ្វើការនៅក្នុងស្រុកដែលមានប្រាក់ខែសមរម្យ ដោយមិនចាំបាច់ចំណាកស្រុកតទៅទៀតទេ។

អ្នកស្រីបញ្ជាក់ថា៖«អំឡុងធ្វើការនៅស្រុកថៃក៏ធ្លាប់ជួបបញ្ហាដូចជា ត្រូវថៅកែខ្លះមិនបើកលុយឱ្យ និងម្យ៉ាងក៏បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ហើយនឹកផ្ទះដោយសារទៅធ្វើការឆ្ងាយ តែឥឡូវនេះ ខ្ញុំមានជំនាញដេរ មានប្រាក់ខែសមរម្យ ហើយបាននៅជិតផ្ទះទៀត និងមិនបារម្ភពីសុវត្ថិភាពទៀតទេ»។

ចំពោះអ្នកស្រី អ៊ូ ស្រីឡូន អតីតពលករមកពីខេត្តសៀមរាប ហើយកំពុងបម្រើការងារនៅរោងចក្រ ស្ថិតនៅខេត្តកំពង់ស្ពឺបាននិយាយថា អំឡុងពេលស្នាក់នៅប្រទេសថៃ អ្នកស្រី និងស្វាមី ធ្វើជាកម្មករជូនកញ្ចក់តាមអគារពាណិជ្ជកម្ម ខុនដូរ និងផ្ទះវិឡានៅទីក្រុងបាំងកក ដោយមិនមានជំនាញកាត់ដេរទេ។

អ្នកស្រីបន្តថា៖«នៅពេលដែលខ្ញុំមកដល់ខ្មែរវិញ ខ្ញុំទទួលបានការយកចិត្តទុកដាក់ណាស់ ហើយគេឱ្យខ្ញុំមករៀនដេរអត់អស់លុយហើយ បែរជាបានលុយថែមទៀត។ ឥឡូវនេះ ខ្ញុំបានទាំងជំនាញដេរមួយ បានទាំងប្រាក់ខែ ហើយបានការងារនៅក្នុងស្រុកយើងទៀត។ អីចឹង ខ្ញុំលែងបារម្ភអ្វីច្រើនហើយ ខ្ញុំពីរនាក់ប្ដី គឺខំប្រឹងសន្សំលុយ ដើម្បីជីវភាពគ្រួសារខ្ញុំ»។

អតីតពលកររូបនេះបានអំពាវនាវដល់អ្នកកំពុងស្វែងរកការងារធ្វើ ឬរៀនជំនាញដេរ អាចទាក់ទងតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាន ព្រោះការងារនៅក្នុងស្រុក ក៏មានច្រើនមិនចាំបាច់ចំណាកស្រុកទៅឆ្ងាយទៀតទេ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា វគ្គបណ្ដុះបណ្ដាលជំនាញដេររយៈពេល៧ថ្ងៃ មានគោលបំណងសំខាន់សម្រាប់ផ្ដល់ជំនាញដេរដល់យុវជន ពិសេសអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ហើយមានបំណងចង់ចូលបំពេញការងារក្នុងវិស័យកាត់ដេរ ប៉ុន្ដែគ្មាបទពិសោធ។

លោកបន្តថា៖«ក្នុងអំឡុងពេលរៀនក្នុងវគ្គនេះ គឺសិក្ខាកាមទាំងអស់អាចបានទាំងជំនាញ រៀនចប់មានការងារធ្វើភ្លាមៗ និងទទួលបានលុយ ក៏ដូចជាអត្ថប្រយោជន៍មួយចំនួនទៀត ដើម្បីជាការលើកទឹកចិត្ត និងជួយសម្រួលការលំបាកក្នុងអំឡុងពេលរៀនជំនាញ»។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលជំនាញដេរនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងNEA នៃក្រសួងការងារ សហការជាមួយរោងចក្រក្នុងវិស័យកាត់ដេរក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ដោយទទួលបានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF)។
យុវជន អ្នកស្វែងរកការងារ និងជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃ មានបំណងចង់ចូលរួមវគ្គបណ្តុះបណ្តាល និងទទួលបានការងារ អាចទាក់ទង NEA តាមរយៈលេខ ០៧៦ ៨៦៣ ៣៤ ៨៤/ ០១៦ ៧៨៦ ៦៥៥/ ០៨៨ ៣៥៩ ៥៤ ៣៦/ ០៧១ ៤៨៨ ៨៩ ០៥៕
