ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ថា កប៉ាល់របស់ឥណ្ឌា និងរុស្ស៊ី គឺអាចឆ្លងកាត់ច្រកសមុទ្រ Hormuz បាន

បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ប្រទេសអ៊ីរ៉ង់បានអនុញ្ញាតឱ្យកប៉ាល់ឥណ្ឌា និងរុស្ស៊ីឆ្លងកាត់ច្រកសមុទ្រ Hormuz បាន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ថា នៅក្នុងការបង្ហោះ X ដែលដកស្រង់សម្តីរបស់លោក Araghchi ស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុង Mumbai បានចុះបញ្ជីប្រទេសឥណ្ឌា រួមជាមួយប្រទេសចិន រុស្ស៊ី អ៊ីរ៉ាក់ និងប៉ាគីស្ថានថា ជា “ប្រទេសមិត្តភាព” ដែលត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ចំណុចរាំងស្ទះ ។

ច្រកសមុទ្រ Hormuz គឺជាផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រ សម្រាប់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នមួយភាគប្រាំរបស់ពិភពលោក ហើយការរំខានដល់ចរាចរណ៍ ដឹកជញ្ជូនបានបង្កឱ្យមានការកើនឡើង នៃតម្លៃទំនិញទូទាំងពិភពលោករួចទៅហើយ។

នៅក្នុងការបង្ហោះមុននេះដោយបេសកកម្មអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ទីក្រុងតេហេរ៉ង់បានដាក់លក្ខខណ្ឌមួយ លើប្រទេសដែលស្វែងរកការឆ្លងកាត់ ដោយសុវត្ថិភាពតាមរយៈច្រកសមុទ្រ។

ទីក្រុងញូវដេលីនាំចូលប្រេង 85% និងឧស្ម័នធម្មជាតិជិតពាក់កណ្តាលរបស់ខ្លួន។ ប្រហែលពាក់កណ្តាលនៃការផ្គត់ផ្គង់ប្រេងរបស់ខ្លួន និង 55% នៃការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG) របស់ខ្លួនឆ្លងកាត់ច្រកសមុទ្រនេះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top