អភិបាលខេត្តត្បូងឃ្មុំ សំណេះសំណាល និងផ្តល់ប័ណ្ណសរសើរ ដល់សិស្សឆ្នើមទាំង ១៨០រូប ដែលជាប់ជ័យលាភីសិស្សពូកែថ្នាក់ខេត្ត ក្នុងឆ្នាំ២០២៦នេះ
ត្បូងឃ្មុំ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពជួបសំណេះសំណាលជាមួយបេក្ខភាពជ័យលាភី សិស្សពូកែថ្នាក់ខេត្តពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា ឆ្នាំ២០២៦ នៅសាលប្រជុំអាគារបូព៌ា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ។

មានរបាយការណ៍ក្នុងអង្គពិធី លោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានលើកឡើងថា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ មានបេក្ខជនដាក់ពាក្យប្រកួតប្រជែងសិស្សពូកែថ្នាក់ខេត្តសរុបចំនួន ១៣៥៤នាក់ ស្រី៩៣១នាក់ ឆ្លងកាត់ការប្រកួតប្រជែងសម្រិតសម្រាំងដោយការប្រឡងជម្រុះ សិស្សពូកែពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ យើងទទួលបានបេក្ខភាពជ័យលាភី ចំនួន១៨០នាក់ ស្រី១០០នាក់ មកពីបណ្តាសាលាអនុវិទ្យាល័យ-វិទ្យាល័យរដ្ឋ និងឯកជនចំនួន៩០ ទូទាំងខេត្តត្បូងឃ្មុំផងដែរ ដោយជ័យលាភីដែលបានកំណត់គឺយកពីលេខ១ ដល់លេខ១០ តាមលំដាប់ពិន្ទុនៃមុខវិជ្ជានីមួយៗគ្រប់កម្រិតថ្នាក់ផងដែរ។

ក្នុងឱកាសនោះ លោក ប៉ែន កុសល្យ អភិបាលខេត្តបានមានប្រសាសន៍សាទរ និងកោតសរសើរចំពោះការយកចិត្តរបស់មន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ ជាពិសេសលោកគ្រូ អ្នកគ្រូ តាមបណ្តា អនុវិទ្យាល័យ-វិទ្យាល័យរដ្ឋ និងឯកជន ដែលបានខិតខំបង្ហាត់បង្រៀនប្អូនៗជាយុវជន សិស្សានុសិស្ស ឱ្យក្លាយជាសិស្សឆ្នើម ពូកែសម្រាប់ខេត្តត្បូងឃ្មុំយើង។

លោក អភិបាលខេត្តក៏បានក៏បានសង្កត់ធ្ងន់ផងដែរថា ការអប់រំ គឺជាកត្តាគន្លឺះសំខាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយសម្ថភាព គុណវុឌ្ឍិ និងជាសសរទ្រូងដ៏រឹងមាំសម្រាប់សង្គមជាតិកម្ពុជាយើងទាំងមូល។ ស្របតាមយុទ្ធសាស្ត្រដែលបានដាក់ចេញរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នេះ ធនធានមនុស្សគឹជាគន្លឹះសំខាន់ក្នុងការជួយជម្រុញដល់សេដ្ឋកិច្ចសង្គម ឆ្ពោះទៅកម្ពុជាឆ្នាំ២០៥០ ដែលជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។

លោកអភិបាលខេត្តក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីឆ្ពោះទៅការប្រកួតប្រជែងសិស្សពូកែថ្នាក់ជាតិ។ ឯកឧត្តម បញ្ជាក់ថាការជាប់សិស្សពូកែថ្នាក់ខេត្តនេះ ជាផ្លូវសម្រាប់ប្អូនៗ ប៉ុន្តែសូមកុំគិតថា ត្រឹមតែពូកែក្នុងថ្នាក់រៀន និងសាលាគឺគ្រប់គ្រាន់ ប្អូនៗត្រូវរៀនសូត្រអ្វីដែលថ្មីៗ ដើម្បីធ្វើយ៉ាងណាពង្រឹងសម្ថភាពឱ្យកាន់តែខ្លាំង ស្របតាមយុគសម័យឌីជីថល។

លោកបានថ្លែងអំណរគុណដល់អាណាព្យាបាលដែលតែងយកចិត្តទុកដាក់ ជម្រុញកូនៗឱ្យសិក្សារៀនសូត្រ ហើយសូមបន្តជម្រុញបន្ថែមទៀត ដើម្បីឱ្យពួកគេក្លាយជា ពលរដ្ឋល្អ ក្នុងសង្គម។

ឆ្លៀតក្នុងឱកាសនោះ លោក ប៉ែន កុសល្យ អភិបាលខេត្តបានចែកជូននៅប័ណ្ណសរសើរ និងមេដៃដល់សិស្សឆ្នើមទាំង១៨០រូប និងថតរូបអនុស្សាវរីយ៍ផងដែរ៕






ដោយ៖ គង្គា/ត្បូងឃ្មុំ/ដើមអម្ពិល/
