លោក ដូណាល់ ត្រាំ គំរាមថា គុយបា គឺជាប្រទេសបន្ទាប់ បន្ទាប់ពីការវាយប្រហារលេីវេណេស៊ុយអេឡា និងអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមថា “គុយបាគឺជាប្រទេសបន្ទាប់” បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក លើប្រទេសវេណេស៊ុយអេឡា និងអ៊ីរ៉ង់។
លោក Trump បានថ្លែងនៅក្នុងសន្និសីទ Future Investment Initiative នៅទីក្រុង Miami រដ្ឋ Florida ឧ្យដឹងថា “គុយបាគឺជាប្រទេសបន្ទាប់ ប៉ុន្តែសូមធ្វើគិតថាខ្ញុំមិនបាននិយាយបែបនោះទេ សូមប្រព័ន្ធផ្សព្វផ្សាយ សូមមិនអើពើនឹងសេចក្តីថ្លែងការណ៍នោះចុះ សូមអរគុណច្រើន។ ប្រទេសគុយបា គឺជាប្រទេសបន្ទាប់”។
ការកត់សម្គាល់នេះបានកើតឡើងបន្ទាប់ពីយោធាអាមេរិកបានវាយឆ្មក់ប្រទេសវេណេស៊ុយអេឡា និងចាប់ខ្លួនប្រធានាធិបតីលោក នីកូឡាស ម៉ាឌូរ៉ូ នៃប្រទេសអាមេរិកខាងត្បូងដែលសម្បូរប្រេងនៅថ្ងៃទី៣ ខែមករា និងបានបើកការវាយប្រហារដ៏ធំរួមគ្នាជាមួយអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ។
ប្រទេសគុយបា បានប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងថាមពលធ្ងន់ធ្ងរដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍។ អង្គការសហប្រជាជាតិបានឧ្យដឹងថា កង្វះខាតប្រេងឥន្ធនៈកំពុងរុញច្រានប្រទេសនេះឱ្យធ្លាក់ចូលទៅក្នុងវិបត្តិមនុស្សធម៌។
កាលពីដើមខែនេះ លោក ត្រាំ បានគំរាមថា ប្រទេសគុយបា នឹងដួលរលំក្នុងពេលឆាប់ៗនេះ ប៉ុន្តែរដ្ឋបាលរបស់លោកនឹងផ្តោតលើប្រទេសអ៊ីរ៉ង់ ក្នុងពេលឥឡូវនេះ។
ប្រែសម្រួល ឈូក បូរ៉ា
