របាយការណ៍ករណី លោកស្មៀនឃុំ បើករថយន្ត បុកម៉ូតូពីក្រោយបណ្តាលឱ្យស្លាប់ម្នាក់ រងរបួសម្នាក់ នៅក្រុងច្បារមន
កំពង់ស្ពឺ: មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរបួសស្រាល ក្នុងករណី រថយន្តបុកម៉ូតូ ពីរគ្រឿងនៅកណ្តាល ក្រុងច្បារមន កាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវលេខ១៤៣ ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បើតាមសម្តីសាក្សីដែលបានឃើញហេតុការណ៍នេះ បានឱ្យដឹងថាមុនពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿង ម៉ាក HILUX REVO ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BX-9781 អ្នកបើកបរឈ្មោះមិន ហេង ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបរ ស្មៀនឃុំ បើកបរពី ទិសខាងត្បូង ទៅទិសខាងជើង។

លុះមកដល់ចំណុចកើតហេតុបានទៅបុក ពីក្រោយម៉ូតូ ពីរគ្រឿង ទី១ ម៉ាក HONDA DREAM 125CC ពណ៍ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1F-6117 អ្នកបើកបរឈ្មោះ ទឹម សារ៉េត ភេទប្រុស អាយុ ៤៥ឆ្នាំ ស្លាប់នៅនឹងកន្លែង រស់នៅភូមិអំពែភ្នំ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងទី២ម៉ូតូម៉ាក HONDA BEAT 110CC ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1KG-2661 អ្នកបើកបរឈ្នោះ សែម ស្រីទី ភេទស្រី អាយុ ២៧ឆ្នាំ រងរបួសស្រាល រស់នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលកំពុងតែបើកបរនៅពីមុខស្របទិសគ្នា បុកពេញទំហឹង។
គាត់បានបន្តទៀតថាក្រោយកើតហេតុមន្ត្រីជំនាញ បានធ្វើការវាស់វែង នឹងឃាត់ខ្លួន អ្នកបើកបររថយន្ត ឈ្មោះ មិន ហេង បាននាំមកសាកសួរនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក។
ចំពោះវត្ថុតាងទាំង០៣គ្រឿង ត្រូវបានយកមករក្សាទុក ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ:សុខ សុភ័ណ្ឌ |កំពង់ស្ពឺ|មជ្ឈមណ្ឌលដើមអម្ពិល|រូបថតសមត្ថកិច្ច
