ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ អំពាវនាវដល់ពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូន បន្តអប់រំសមាជិកគ្រួសារ និងបុគ្គលិក ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ

កំពង់ឆ្នាំង ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់ប្រជាពលរដ្ឋ ក្រុមហ៊ុនដឹកជញ្ជូន និងអាណាព្យាបាលគ្រប់រូប បន្តយកចិត្តទុកដាក់អប់រំសមាជិកគ្រួសារ និងបុគ្គលិកឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ ។

ការអំពាវនាវរបស់ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានធ្វេីឡេីងក្នុងទិវាអន្តរជាតិរំលឹកជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី២០ និងសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។

សួននេះ មានទីតាំងស្ថិតក្នុងបរិវេណ វិទ្យាល័យក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងសាងសង់ឡើង ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។

សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក សង់លើផ្ទៃដី ចំនួនជាង ២ពាន់ម៉ែត្រការ៉េ និងមានរៀបចំជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន បំពាក់ដោយស្លាកសញ្ញា ភ្លើងសញ្ញា គំនូសសញ្ញាចរាចរណ៍ សម្រាប់ជាថ្នាលបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការអនុវត្តប្រើប្រាស់ផ្លូវជាក់ស្តែងដល់សិស្សានុសិស្ស យុវវ័យ និងកុមារ សំដៅផ្តល់ចំណេះដឹងពីសុវត្ថិភាពចរាចរណ៍ ក្នុងការធ្វើដំណើរដោយថ្មើរជើង ការបើកបរម៉ូតូ និងអាចជាចំណេះដឹងមូលដ្ឋាន ក្នុងការបើកបរយានយន្តផ្សេងៗ នាពេលអនាគត ដែលចំណាយថវិកាអស់ជាង៦ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក។

លោកឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចក្រុមហ៊ុនដឹកជញ្ជូន និងអាណាព្យាបាលគ្រប់រូប ត្រូវបន្តយកចិត្តទុកដាក់អប់រំសមាជិកគ្រួសារ និងបុគ្គលិកឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ ស្របពេលដែលអង្គភាពអនុវត្តច្បាប់ ត្រូវពង្រឹងសីលធម៌វិជ្ជាជីវៈមន្ត្រីឱ្យបានល្អប្រសើរ និងបន្តកិច្ចសហការជាមួយគ្រប់ស្ថាប័នដៃគូ ដើម្បីបង្កើនការផ្សព្វផ្សាយអប់រំ និងយកបទពិសោធន៍នៃការកសាងសួនសុវត្ថិភាពចរាចរណ៍នៅខេត្តកំពង់ឆ្នាំង ធ្វើជាគំរូសម្រាប់រាជធានី-ខេត្តផ្សេងទៀត ក្នុងគោលដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋឱ្យបានជាអតិបរមា។

សូមបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ក្នុងនោះនៅឆ្នាំ២០២៥ បានកើតឡើងចំនួន ២.៣៤៥ករណី ធៀបនឹងឆ្នាំ២០២៤ មានចំនួន ២.៨៤៤ករណី បានថយចុះ ៤៩៩ករណី ស្មើ ១៨% ចំណែកចំនួនអ្នកស្លាប់បានថយចុះ ៤២នាក់ ស្មើនឹង ៣% និងចំនួនអ្នករបួស ក៏បានថយចុះ ៥០៧នាក់ ស្មើ ១៤%៕

To Top