ក្រោយប្រឈមមុខដាក់គ្នា ចិន ជំរុញឱ្យភាគីហ្វីលីពីនគ្រប់គ្រងប្រតិបត្តិការកងទ័ពជើងទឹក និងអាកាស ឧ្យបានតឹងរ៉ឹង
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានជំរុញឱ្យភាគីហ្វីលីពីនគ្រប់គ្រងប្រតិបត្តិការកងទ័ពជើងទឹក និងអាកាសរបស់ខ្លួនយ៉ាងតឹងរ៉ឹង បញ្ឈប់សកម្មភាពញុះញង់ និងប្រថុយប្រថានទាំងអស់ជាបន្ទាន់ និងបញ្ឈប់យុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះ និងឃោសនារបស់ខ្លួន។
យោងតាមលោក Zhai Shichen អ្នកនាំពាក្យនៃបញ្ជាការដ្ឋានភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន បានឱ្យដឹងថា នៅថ្ងៃទី ២៥ ខែមីនា កងនាវា PLANS 532 បានធ្វើការល្បាតជាប្រចាំនៅក្នុងដែនទឹកក្រោមយុត្តាធិការរបស់ប្រទេសចិន នៃកោះ Nansha Qundao របស់ប្រទេសចិន។
លោកបានលេីកឡេីងថា ពេលរកឃើញកប៉ាល់កងទ័ពជើងទឹកហ្វីលីពីន កងនាវា PLANS 532 បានចាប់ផ្តើមទំនាក់ទំនងតាមវិទ្យុ ដើម្បីរំលឹកកប៉ាល់ហ្វីលីពីនឧ្យចាកចេញ ក្នុងរូបភាពដែលបានចុះផ្សាយនាពេលថ្មីៗនេះ នាវាទាំងពីរនៅកៀកគ្នាមិនដល់ ១០មែត្រនោះទេ ដែលនេះជាចំណុចគ្រោះថ្នាក់បំផុត។
ដោយមិនអើពើនឹងការរំលឹកតាមវិទ្យុម្តងហើយម្តងទៀតពីភាគីចិន នាវាហ្វីលីពីន 507 ដែលធ្វើនាវាចរណ៍នៅផ្នែកកំពង់ផែនៃនាវា PLANS 532 បានកែសម្រួលទិសដៅរបស់ខ្លួនទៅផ្នែកខាងស្តាំ មុនពេលធ្វើការបត់ដោយចេតនាទៅទិសដៅដដែល ដោយចូលទៅជិតនាវា PLANS 532 ដោយគ្រោះថ្នាក់ និងរំខានដល់ការធ្វើនាវាចរណ៍របស់វា។
យោងតាមលោក Zhai នាវា PLANS 532 របស់ចិន បន្ទាប់មកបានធ្វើសកម្មភាពប្រកបដោយវិជ្ជាជីវៈ និងស្តង់ដារ ដោយបានជៀសវាងគ្រោះថ្នាក់ដោយជោគជ័យ។
អ្នកនាំពាក្យរូបនេះបានបន្ដថា ប្រតិបត្តិការរបស់នាវាកងទ័ពជើងទឹកហ្វីលីពីន គឺមិនមានសុវត្ថិភាព និងមិនមានវិជ្ជាជីវៈ ដែលអាចនាំឱ្យមានគ្រោះថ្នាក់តាមសមុទ្របានយ៉ាងងាយស្រួល។ លោកបន្ថែមថា “អ្វីដែលអាក្រក់ជាងនេះទៅទៀត ភាគីហ្វីលីពីន បានធ្វើការចោទប្រកាន់មិនពិត ដោយអះអាងថា នាវាចិនបានធ្វើ ‘វិធីសាស្រ្តដ៏គ្រោះថ្នាក់'”៕
ប្រែសម្រួល ឈូក បូរ៉ា
