ព័ត៌មានជាតិ

ខេត្តព្រះវិហារ-ស្ទឹងត្រែង-រតនគីរី និងខេត្តយ៉ាឡាយ ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិសុខ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព២០២៦-២០៣០

ខេត្តព្រះវិហារ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំ និងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការ រវាងខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តរតនគីរី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ដំណាក់កាលឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលសន្និសីទ នៃគណៈកម្មាធិការប្រជាជនខេត្តយ៉ាឡាយ ក្នុងបរិយាកាសអធិកអធម និងពោរពេញដោយស្មារតីមិត្តភាព និងការយល់ព្រមគ្នាខ្ពស់។ កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី រវាងខេត្តជាប់ព្រំដែនទាំងបួន ឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព។

ភាគីទាំងអស់បានឯកភាពផ្តោតលើវិស័យអាទិភាពសំខាន់ៗជាច្រើន ដែលមានអត្ថប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍតំបន់។ ក្នុងវិស័យសន្តិសុខ ភាគីទាំងអស់បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់តាមបណ្តោយខ្សែបន្ទាត់ព្រំដែន ព្រមទាំងសហការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ដើម្បីធានាបាននូវបរិយាកាសសន្តិភាព ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតំបន់ព្រំដែន។

កិច្ចសហការនេះក៏ផ្តោតលើការកសាងព្រំដែនឲ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។ ជាមួយគ្នានេះ ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ត្រូវបានលើកឡើងជាអាទិភាពសំខាន់ ដោយភាគីទាំងអស់នឹងជំរុញការផ្លាស់ប្តូរទំនិញ ការវិនិយោគជាពិសេសលើវិស័យកសិកម្ម និងឧស្សាហកម្មពាក់ព័ន្ធ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។ ក្នុងវិស័យធនធានមនុស្ស និងវប្បធម៌ ភាគីទាំងអស់បានឯកភាពបន្តផ្លាស់ប្តូរបទពិសោធន៍ ការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពមន្ត្រី និងយុវជន ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍សម័យថ្មី។

ជាមួយនឹងនេះ ក៏នឹងជំរុញការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍របស់ខេត្តនីមួយៗឱ្យកាន់តែទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ លើសពីនេះ កិច្ចសហការនៅក្នុងវិស័យសុខាភិបាល ក៏ត្រូវបានផ្តល់សារៈសំខាន់ ដោយផ្តោតលើការបង្ការ និងទប់ស្កាត់ជំងឺឆ្លង ការផ្លាស់ប្តូរព័ត៌មានសុខាភិបាល និងការផ្តល់សេវាពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតំបន់ជាប់ព្រំដែន ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ ភាគីទាំងអស់បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលសម្រេចបានក្នុងដំណាក់កាលកន្លងមក ហើយបានប្តេជ្ញាចិត្តបន្តរឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត។

កិច្ចព្រមព្រៀងសម្រាប់ដំណាក់កាលឆ្នាំ២០២៦-២០៣០ នេះ ត្រូវបានរំពឹងថា នឹងក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការកែលម្អគុណភាពជីវិតប្រជាពលរដ្ឋនៅតំបន់ព្រំដែន ទាំងបួនខេត្ត និងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាពជាយូរអង្វែងរវាងកម្ពុជា និងវៀតណាម៕

ដោយ៖ សួន ពិសិត|ដើមអម្ពិល

To Top