អ្នកដុតខ្មោចនៅខេត្តឈុនបុរី ប្រទេសថៃ ដឹកមឈូសដល់ការ៉ាសសាំង បន្ទាប់ពីបុគ្គលិកស្ថានីយ៍ចាក់សាំងមិនព្រមលក់ប្រេងឱ្យដាក់ធុង
បរទេស៖ អ្នកភ្លុក ឬអ្នកដុតខ្មោច នៅខេត្តឈុនបុរីម្នាក់បានយក មឈូសមួយទៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង ដើម្បីបញ្ជាក់ថា គាត់ត្រូវការប្រេងម៉ាស៊ូតសម្រាប់ពិធីបុណ្យសព បន្ទាប់ពីបុគ្គលិកស្ថានីយ៍ចាក់សាំងខាងលើបដិសេធមិនចាក់ប្រេងចូលធុងឱ្យគាត់។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ថា អ្នកដុតខ្មោច រូបនេះ បាននិយាយថា ប្រេងឥន្ធនៈនេះត្រូវការជាបន្ទាន់សម្រាប់ការបូជាសព មិនមែនយកទៅស្តុកទុកទេ។ ក្រោយមកស្ថានីយចាក់សាំងបានយល់ព្រមផ្តល់បន្ទាប់ពីបានឃើញភស្តុតាងមឈូសនៅនឹងមុខ។
ហេតុការណ៍នេះបានបង្ហាញពីបញ្ហាប្រឈមកាន់តែខ្លាំងឡើងសម្រាប់អ្នកដុតខ្មោច ខណៈដែលការគ្រប់គ្រងប្រេងឥន្ធនៈកាន់តែតឹងរ៉ឹង៕
ប្រែសម្រួលៈ ណៃ តុលា
