លោកXi Jinping ថ្លែងក្នុងឱកាសអញ្ជើញចូលរួមសកម្មភាពដាំដើមឈើដោយស្ម័គ្រចិត្តនៅទីក្រុងប៉េកាំង ថា បន្ថែមភាពត្រចះត្រចង់ដល់ភ្នំនិងទឹក និងភាពលេចធ្លោនៃការធ្វើទំនើបកម្មតាមបែបផែនចិន
នាព្រឹកថ្ងៃទី៣០ ខែមីនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងក្នុងឱកាសអញ្ជើញចូលរួមសកម្មភាពដាំដើមឈើដោយស្ម័គ្រចិត្តនៅទីក្រុងប៉េកាំងថា ប្រព័ន្ធអេកូឡូស៊ីល្អអាចចែករំលែកជាមួយមនុស្សគ្រប់រូប ហើយក៏ទាមទារឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីល្អផងដែរ។

យើងត្រូវតែរៀបចំ និងអំពាវនាវសង្គមទាំងអស់ឱ្យចូលរួមការដាំដើមឈើ ដើម្បីបន្ថែមភាពត្រចះត្រចង់ដល់ភ្នំនិងទឹក និងភាពលេចធ្លោនៃការធ្វើទំនើបកម្មតាមបែបផែនចិន ។
លោកXi Jinping បានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាការចាប់ផ្តើមនៃការអនុវត្ត«ផែនការ៥ឆ្នាំទី១៥» ហើយក៏ជាខួបលើកទី៤៥ នៃចលនាការដាំដើមឈើដោយស្ម័គ្រចិត្តទូទាំងប្រទេសចិនផងដែរ។
ក្នុងបរិបទថ្មី ការជំរុញការដាំដើមឈើដើម្បីទឹកដីមានពណ៍បៃតងទាមទារឱ្យមានការលើកកម្ពស់គុណភាព ការជំរុញឧស្សាហកម្ម និងការផ្តល់ផលប្រយោជន៍ដល់ប្រជាជន ដើម្បីសម្រេចបាននូវភាពស៊ីសង្វាក់គ្នារវាងការដាំ និងការគ្រប់គ្រង ការជំរុញគ្នាទៅវិញទៅមករវាងអេកូឡូស៊ី និងឧស្សាហកម្ម និងការរួមរស់ប្រកបដោយភាពសុខដុមរមនារវាងមនុស្សជាតិ និងធម្មជាតិ៕
