ព័ត៌មានជាតិ

ប្រធានរដ្ឋសភា ៖ ចំណងមិត្តភាព កម្ពុជា-ចិន ធន់ និងទុកចិត្តបាន នៅគ្រប់កាលៈទេសៈ

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា មានប្រសាសន៍ថា ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ជាចំណងមិត្តភាពដែលធន់ និងអាចជឿទុកចិត្តបាន នៅគ្រប់កាលៈទេសៈ។

សម្តេច បានលើកឡើងដូចនេះ ក្នុងឱកាសដែលលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនពរ សម្តេច ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ។

ក្នុងឱកាសនោះ សម្តេច បានរំលឹកពីចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ និងត្រូវបានពង្រឹង និងពង្រីកដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នៅគ្រប់ជំនាន់។ សម្តេច បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍ និងរីកចម្រើនរបស់កម្ពុជា រហូតដល់ពេលបច្ចុប្បន្ននេះ មិនអាចកាត់ផ្តាច់ពីជំនួយគាំទ្រដ៏មានតម្លៃរបស់ប្រទេសចិននោះ ឡើយ។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់មិត្តចិន បានស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ។ កិច្ចអន្តរាគមន៍របស់ចិន មានយុទ្ធសាស្ត្រ និងយុទ្ធវិធីច្បាស់លាស់ និងហ្មត់ចត់។ ក្នុងនោះ សម្តេចបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរៀបចំឱ្យមានកិច្ចប្រជុំចង្អៀតត្រីភាគី ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ នៅបឹងហ្វូសៀន (Fuxian Lake) ខេត្តយូណាន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបង្ហាញពីតួនាទីដ៏សំខាន់ និងប្រកបដោយស្ថាបនាក្នុងការលើកកម្ពស់កិច្ចសន្ទនា និងការប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ ដើម្បីកាត់បន្ថយការប៉ះទង្គិចដោយប្រដាប់អាវុធ និងនាំស្ថានភាពឆ្ពោះទៅកាន់សន្តិភាពឡើងវិញ។

លោក ឯកអគ្គរដ្ឋទូត បានប្រកាសថា ជំនួយគាំទ្រដល់ការអភិវឌ្ឍកម្ពុជា នឹងបន្តជាបន្តបន្ទាប់ រួមទាំងការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ ប្រទេសចិន នឹងជំរុញឱ្យភាគីទាំងពីរ បន្តកិច្ចសន្ទនា ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី ឆ្ពោះទៅរកភាពប្រក្រតីវិញ និងធានាបាននូវសន្តិភាពយូរអង្វែង។

លោក វ៉ាង វិនពីន មានជំនឿមុតមាំថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងសម្រេចបានគោលដៅអភិវឌ្ឍន៍របស់ខ្លួន ដោយសារតែកម្ពុជាមានសក្តានុពល និងប្រជាពលរដ្ឋមានសាមគ្គីភាពយ៉ាងរឹងមាំ។ លោក ឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ចិននឹងបន្តផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យការពារជាតិកម្ពុជាផងដែរ៕

To Top