អាមេរិក កំពុងតាមដានឆន្ទៈរបស់អ៊ីរ៉ង់ ក្នុងការធ្វេីឆ្ពោះទៅរកការបញ្ចប់សង្គ្រាមជាមួយអាមេរិក
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយថា សេតវិមាននឹងដឹងថាតើប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf មានឆន្ទៈធ្វើការជាមួយសហរដ្ឋអាមេរិកដែរឬទេ ក្នុងរយៈពេលប្រហែលមួយសប្តាហ៍នេះ។
លោក ដូណាល់ ត្រាំ បានប្រាប់ The New York Post ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយថា “យើងនឹងដឹង ខ្ញុំនឹងប្រាប់អ្នកឱ្យដឹងអំពីរឿងនោះក្នុងរយៈពេលប្រហែលមួយសប្តាហ៍”។
លោក ត្រាំ បានពិពណ៌នាអំពីការរង្គោះរង្គើយ៉ាងខ្លាំងនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយអះអាងថា ថ្នាក់ដឹកនាំចាស់របស់អ៊ីរ៉ង់ ត្រូវបានលុបចោល និងជំនួសដោយក្រុមថ្មីមួយ ដែលលោកបានឧ្យដឹងថា រហូតមកដល់ពេលនេះងាយស្រួលធ្វើការជាមួយជាង។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ជំនួយការថា លោកមានឆន្ទៈបញ្ចប់សង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ទោះបីជាច្រកសមុទ្រហ័រមូស នៅតែបិទភាគច្រើនក៏ដោយ នេះបើយោងតាមរបាយការណ៍របស់ The Wall Street Journal ដោយដកស្រង់សម្តីមន្ត្រីរដ្ឋបាលលោក ត្រាំ។
របាយការណ៍នេះបានឧ្យដឹងថា លោក ត្រាំ និងជំនួយការរបស់លោកទើបតែបានវាយតម្លៃថា បេសកកម្មមួយ ដើម្បីបើកផ្លូវទឹកថាមពលសកលដ៏សំខាន់នឹងជំរុញឱ្យសង្គ្រាមជាមួយអ៊ីរ៉ង់ ហួសពីពេលវេលាកំណត់របស់លោក ពោលគឺមានរយៈពេលចន្លោះ ពី ៤ ទៅ ៦សប្តាហ៍៕
ប្រែសម្រួល ឈូក បូរ៉ា
