លោក សុខ សូកេន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងអធិការកិច្ច
ភ្នំពេញ៖ លោក សុខ សូកេន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់គណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច និងផ្សព្វផ្សាយរបាយការណ៍ ស្ដីពី សភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងលើកទិសដៅភារកិច្ចឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួងគ្រប់ជាន់ថ្នាក់ នៅវិមាន៧មករា។

ក្នុងឱកាសនេះ លោក ឆេង សារឿន អនុប្រធានគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច បានអានរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដែលបង្ហាញពីស្មារតីសាមគ្គីភាព និងការសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ព្រមទាំងលោកស្រី សុខ វិឡាយ អនុប្រធានគណៈកម្មាធិការគណបក្សក្រសួងធិការកិច្ច បានអានរបាយការណ៍សង្ខេបស្តីពីសភាពការណ៍ទូទៅ និងភារកិច្ចយុទ្ធសាស្ត្ររបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តពង្រឹងមាគ៌ាសន្តិភាព និងអភិវឌ្ឍន៍ ទោះបីត្រូវប្រឈមនឹងឧបសគ្គនានា។

ទន្ទឹមនឹងនេះ អង្គពិធីក៏បានប្រកាសសេចក្ដីសម្រេចស្ដីពីការតែងតាំងសមាជិកគណៈអចិន្ត្រៃយ៍ថ្មីចំនួន៥រូប នៃគណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច ដើម្បីរួមចំណែកដឹកនាំ និងជំរុញការសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀតជូនគណបក្ស។

ថ្លែងក្នុងអង្គប្រជុំ លោកប្រធានគណៈកម្មាធិការគណបក្ស បានវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងការសម្រេចបានសមិទ្ធផលការងារឆ្នាំ២០២៥ គួរជាទីមោទនៈ ដែលជាលទ្ធផលនៃការអនុវត្តតាមគោលការណ៍ណែនាំរបស់គណបក្ស និងការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគ្រប់រូប។

លោកប្រធាន ក៏បានសម្ដែងនូវសេចក្ដីគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងដឹកនាំអភិវឌ្ឍប្រទេសជាតិប្រកបដោយមាគ៌ាដ៏ច្បាស់លាស់ ដែលបានតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនដោយបានឆ្លើយតបទៅនឹងបញ្ហាប្រឈមនានានៃការវឌ្ឍន៍នៃស្ថានការណ៍ជាតិ និងអន្តរជាតិ ជាពិសេសរក្សាបាននូវសុខសន្តិភាព ព្រមទាំងបានជម្នះគ្រប់សមរភូមិដោយការទទួលខុសត្រូវខ្ពស់បំផុតក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ពីការឈ្លានពានរបស់កងទ័ពថៃ។

ជាកិច្ចបញ្ចប់ លោកប្រធាន បានផ្ដល់នូវអនុសាសន៍គន្លឹះសំខាន់ៗមួយចំនួន ដើម្បីពង្រឹងការងារដឹកនាំរបស់គណៈកម្មាធិការគណបក្សក្រសួងអធិការកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងបរិបទថ្មី ដោយផ្ដោតលើការរក្សាសាមគ្គីភាពផ្ទៃក្នុង ការប្រកាន់ខ្ជាប់ស្មារតី «ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ» ការកែសម្រួលរចនាសម្ព័ន្ធបក្សឱ្យរឹងមាំតាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ព្រមទាំងការបណ្ដុះបណ្ដាលមន្ត្រីបន្តវេន និងការជំរុញយុទ្ធសាស្ត្រ «ព៤ជ៤» របស់ក្រសួង ដើម្បីទាញយកជំនឿទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាការត្រៀមលក្ខណៈសម្បត្តិទុកជាមុនសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៧ និង ២០២៨ ខាងមុខ សំដៅធានានិរន្តរភាព និងជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើជាតិ និងប្រជាជន៕



