ម្ដាយជនបង្កជួបចរចាសំណងជាមួយគ្រួសារសពទាំង ៦នាក់ (រាប់ទាំងកូនក្នុងផ្ទៃ) នៅស្នងការដ្ឋានខេត្តបាត់ដំបង
បាត់ដំបង៖ ម្ដាយរបស់ជនបង្កឈ្មោះ ស៊ីវ ជ័យសិដ្ឋ បានជួបពិភាក្សាលើការផ្ដល់សំណងព្យសនកម្មជាមួយក្រុមគ្រួសារនៃសពទាំង ៦នាក់ នៅល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្ទាប់ពីកូនប្រុសរបស់ខ្លួនត្រូវបាននាំខ្លួនមកសារភាពទោស។

យោងតាមការបញ្ជាក់ពី លោកស្រី លឹម ច័ន្ទលីដា មេធាវីការពារក្ដីជូនគ្រួសារជនរងគ្រោះ បានឱ្យដឹងតាមរយៈបណ្ដាញសង្គមថា “អមកូនក្តីគ្រួសារជនរងគ្រោះ មកចរចារសំណងព្យសនកម្មតាម ការស្នេីសុំរបស់ម្តាយជនបង្ក នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង”។

គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តប្រណីតមួយគ្រឿង បើកបរដោយឈ្មោះ ស៊ីវ ជ័យសិដ្ឋ នៅលើដងផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលបានបណ្ដាលឱ្យមនុស្សស្លាប់បាត់បង់ជីវិតភ្លាមៗចំនួន ៥នាក់ (៦នាក់ទាំងកូនក្នុងផ្ទៃ)។

ក្រោមការចាត់តាំងពីសំណាក់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក អង្គ វង្សវឌ្ឍានា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមោងឫស្សី លោកស្រីមេធាវី លឹម ច័ន្ទលីដា ត្រូវបានបញ្ជូនឱ្យមកជួយការពារសិទ្ធិ និងផលប្រយោជន៍ជូនគ្រួសារសពដោយមិនគិតកម្រៃ។

ជនបង្កត្រូវបានក្រុមគ្រួសារនាំមកប្រគល់ខ្លួនឱ្យសមត្ថកិច្ចរួចរាល់ហើយ ខណៈដែលការចរចាសំណងព្យសនកម្មកំពុងប្រព្រឹត្តទៅស្របពេលដែលនីតិវិធីតុលាការផ្នែកព្រហ្មទណ្ឌនៅតែបន្ត។

ការចេញមុខមកដោះស្រាយរបស់គ្រួសារជនបង្កនៅពេលនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ និងការតាមដានយ៉ាងដិតដល់ពីសំណាក់មហាជនជុំវិញសោកនាដកម្មដែលបានឆក់យកជីវិតមនុស្សដល់ទៅ ៦នាក់ក្នុងពេលតែមួយនេះ។
ដោយ៖ សយ រិទ្ធី
