ព័ត៌មានជាតិ

អង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាជាមួយប្រទេសចំនួន ៣៥ ស្តីពីការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈអវត្តមានសហរដ្ឋអាមេរិក

បរទេស៖ ចក្រភពអង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សា ដែលមានគោលបំណងបង្កើតសម្ព័ន្ធភាពនៃប្រទេសនានា ដើម្បីស្វែងរកមធ្យោបាយដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ការធានាសុវត្ថិភាពផ្លូវទឹកដ៏សំខាន់នេះគឺជាបញ្ហាសម្រាប់ប្រទេសដទៃទៀតដើម្បីដោះស្រាយ។

យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ថា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Yvette Cooper នឹងធ្វើជាប្រធានកិច្ចប្រជុំអនឡាញនៃប្រទេសប្រហែល ៣៥ រួមមានបារាំង អាល្លឺម៉ង់ អ៊ីតាលី កាណាដា និងអារ៉ាប់រួម នៅប្រហែលថ្ងៃត្រង់ នៅទីក្រុងឡុងដ៍ ដើម្បីស្វែងរកមធ្យោបាយដើម្បីស្តារសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់នោះ។ សហរដ្ឋអាមេរិកនឹងមិនចូលរួមទេ។

កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីលោក Trump បានថ្លែងនៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជាតិរបស់លោកនៅល្ងាចថ្ងៃពុធថា ច្រកសមុទ្រនេះអាចបើកឡើងវិញ ហើយវាជាការទទួលខុសត្រូវរបស់ប្រទេសដែលពឹងផ្អែកលើផ្លូវទឹក ដើម្បីធានាថាវាបើកចំហ។

សូមជម្រាបថា អ៊ីរ៉ង់បានបិទច្រកសមុទ្រនេះយ៉ាងមានប្រសិទ្ធភាព ដែលជាផ្លូវទឹកដឹកជញ្ជូនប្រេងប្រហែលមួយភាគប្រាំនៃការប្រើប្រាស់ប្រេងសរុបរបស់ពិភពលោក ដើម្បីសងសឹកចំពោះការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ។ ការបើកផ្លូវទឹកឡើងវិញបានក្លាយជាអាទិភាពសម្រាប់រដ្ឋាភិបាលនានានៅជុំវិញពិភពលោក ខណៈដែលតម្លៃថាមពលកើនឡើងខ្ពស់៕

ប្រែសម្រួល: ណៃ តុលា

To Top