ភ្នំពេញ៖ ក្រសួងការបរទេសខ្មែរ បានកោះហៅលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា មកប្រាប់ពីរឿងរ៉ាវ ដែលយោធាវៀតណាម បោះតង់ជាច្រើនកន្លែង នៅតំបន់ព្រំដែនមិនទាន់ឯកភាពគ្នា និងបានស្នើឲ្យភាគីវៀតណាម រុះរើតង់ទាំងនោះចេញជាបន្ទាន់ ។
សូមរំលឹកថា ភាគីវៀតណាមបានបោះតង់ចំនួន ៣១កន្លែង នៅជាព្រំដែនស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ដែលនេះជាតំបន់មិនទាន់ឯកភាពគ្នា លើខ្សែបន្ទាត់ព្រំដែននៅឡើយទេ ។ ហើយការបោះតង់ របស់ភាគីវៀតណាមនេះ គឺធ្វើឡើងក្រោមហេតុផល ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការបោះតង់របស់វៀតណាម នៅតំបន់ព្រំដែនក្នុងខេត្តកណ្តាល ជាប់នឹងខេត្តអានយ៉ាង (វៀតណាម) នៅថ្ងៃទី២ មិថុនា បានឲ្យដឹងថា កាលពីថ្ងៃទី១ មិថុនា លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរ បានកោះអញ្ជើញលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាម មកជួបពិភាក្សា និងបានស្នើឲ្យភាគីវៀតណាម រុះរើតង់ចេញទាំងអស់ឲ្យបានឆាប់ ហើយបន្តរក្សាស្ថានភាពដើម មិនកែប្រែក្នុងតំបន់នោះ រហូតដល់គណៈកម្មការ ព្រំដែននៃប្រទេសទាំងពីរ ដោះស្រាយកំណត់ខ្សែព្រំដែនជាក់លាក់ ជាស្ថាពរនៅតំបន់នោះ ដើម្បីប្រែក្លាយតំបន់ព្រំដែន ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ជាប្រយោជន៍រួមសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ។
ក្រសួងការបរទេសបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ក្រសួងការបរទេស
បានធ្វើកំណត់ទូតតវ៉ា អំពីការបោះតង់របស់វៀតណាមចំនួន ៣១កន្លែង លើតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នា ក្នុងខេត្តកណ្តាលនៃប្រទេសកម្ពុជា ជាប់នឹងខេត្តអានយ៉ាង នៃប្រទេសវៀតណាម ដោយស្នើ ឲ្យភាគីវៀតណាមរុះរើតង់ទាំងនោះចេញ និងបញ្ឈប់សកម្មភាពនានា ដើម្បីរក្សាស្ថានភាពដើមមិនកែប្រែ នៅក្នុងតំបន់នេះ ស្របតាមសេចក្តីប្រកាសរួមចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ សន្ធិសញ្ញាបំពេញបន្ថែម
ឆ្នាំ២០០៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធ ព្រំដែនរវាងប្រទេសទាំងពីរ ។
ក្រសួងបន្តថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ ក្រសួងការបរទេសវៀតណាម បានធ្វើកំណត់ទូតឆ្លើយតប ដោយអះអាងថា ការបោះតង់នៅតាមព្រំដែន ដោយខេត្តអានយ៉ាងនេះ គឺជាវិធានបណ្តោះអាសន្នចាំបាច់ ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលា នូវការធ្វើដំណើរឆ្លងកាត់ព្រំដែន ក្នុងអំឡុងពេលនៃ ការរីករាលដាលជម្ងឺឆ្លងកូវីដ១៩ ហើយការបោះតង់ទាំងនោះ មិនមានផលប៉ះពាល់ដល់ការខណ្ឌសីមា និងបោះបង្គោលព្រំដែនលើតំបន់ព្រំដែន រវាងប្រទេសទាំងពីរនេះទេ។ អាជ្ញាធរវៀតណាមបានសន្យាថា នឹងធ្វើការរុះរើតង់ដែលបានបោះជា បណ្តោះអាសន្នទាំងអស់ចេញពីតំបន់នោះ ៕
ដោយ៖ ខា ដា