អភិបាលខេត្តកំពង់ចាម ផ្តល់អនុសាសន៍ ៩ចំណុច ដល់មន្ត្រីមន្ទីរសាធារណការ ដើម្បីអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព
កំពង់ចាម ៖ នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៦ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានផ្ដល់អនុសាសន៍ ៩ ចំណុចដើម្បី យកទៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ។

ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានសម្ដែងការកោតសរសើរចំពោះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ដែលបានផ្តោតការយកចិត្តទុកដាក់ ដោយភាពទទួលខុសត្រូវខ្ពស់ ក្នុងវិស័យសាធារណការនិងដឹកជញ្ជូន អនុវត្តប្រកបដោយគុណភាព ការងារសាងសង់ ជួសជុលហេដ្ឋានរចនាសម្ព័ន្ធផ្លូវ-ស្ពាន និងជាពិសេសការផ្តល់សេវាសាធារៈជូនប្រជាពលរដ្ឋបានឆាប់រហ័សទាន់ចិត្ត ប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព ព្រមទាំង ទទួលបានការកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកំពង់ចាម ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តផងដែរ ។

លោកអភិបាលខេត្ត ក៏បានផ្ដល់នូវអនុសាសន៍បន្ថែមមួយចំនួនដូចខាងក្រោមដើម្បីឲ្យមន្ត្រីជំនាញយកទៅអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព ៖
ទី១ ៖ សូមឲ្យមន្ត្រីទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល
និងផែនការនានា ដែលក្រសួងសាធារណការ និងដឹកជញ្ជួន ឬក៏ខេត្ត បានដាក់ជូន
ទី២ ៖ គោរព និងអនុវត្តច្បាប់ ស្តីពីសហលក្ខន្តិក:មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
ទី៣ ៖ បំពេញភារកិច្ច និងអនុវត្តតួនាទីរបស់ខ្លួនឲ្យបានល្អប្រសើរ និងមានក្រមសីលធម៌វិជ្ជាជីវៈ
ទី៤ ៖ ត្រូវមានទឹកចិត្តអំណត់ អត់ធននឹងការងារ និងមានឆន្ទ:ទទួលខុសត្រូវខ្ពស់
ទី៥ ៖ ត្រូវប្រកាន់យកនូវសាមគ្គីភាពល្អ នៅក្នុងមន្ទីរ/អង្គភាព
ទី៦ ៖ មានទំនាក់ទំនង នងសហការល្អទាំងក្នុង និងក្រៅ មន្ទីរ/អង្គភាព(ខ្សែបណ្ដោយ និងខ្សែទទឹង)
ទី៧ ៖ បង្កើនការអប់រំផ្សព្វផ្សាយការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ
ទី៨ ៖ ខិតខំបំពេញការងារឱ្យមានប្រសិទ្ធភាព ឆាប់រហ័ស និងមានតម្លាភាព ដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋលើការផ្តល់សេវាសាធារណៈ
ទី៩ ៖ ពិនិត្យ ថែទាំ ជួសជុល ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន ដើម្បីធានាសុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើការដំណើររបស់ប្រជាពលរដ្ឋ។



អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា
