ព័ត៌មានជាតិ

គណៈមេធាវីចេញសេចក្តីថ្លែងការណ៍ ស្នើឱ្យសមត្ថកិច្ចគោរពក្រមសីលធម៌ និងវិជ្ជាជីវៈមេធាវី ក្នុងការអនុវត្តច្បាប់

ភ្នំពេញ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់មន្ត្រីនៃអាជ្ញាធរមានសមត្ថកិច្ចមួយចំនួន ដែលបានរំលោភបំពានលើសកម្មភាពប្រកបវិជ្ជាជីវៈរបស់មេធាវី និងការបង្ខំឱ្យមេធាវីបំពានលើការសម្ងាត់ក្នុងវិជ្ជាជីវៈរបស់ខ្លួន។

យោងតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ គណៈមេធាវីបានសង្កេតឃើញថា មានករណីរំលោភបំពានមួយចំនួនបានកើតឡើងដូចជា៖

-ការឃាត់ខ្លួនមេធាវី ដែលកំពុងបំពេញតួនាទីតំណាងឱ្យកូនក្តីក្នុងវិវាទអចលនទ្រព្យ។
-ការបង្ខំឱ្យមេធាវីអនុវត្តកិច្ចការ ដែលជាសមត្ថកិច្ចរបស់អាជ្ញាធរតុលាការ ឬមន្ត្រីនគរបាលយុត្តិធម៌។
-ការបង្ខំឱ្យមេធាវីទម្លាយការសម្ងាត់ នៃទំនាក់ទំនងរវាងមេធាវី និងកូនក្តី។
-ការប្តឹងមេធាវី ទាក់ទងនឹងការបំពេញតួនាទីតំណាងដោយអាណត្តិ និងការផ្តល់យោបល់ផ្នែកច្បាប់ជូនកូនក្តី។

គណៈមេធាវីអំពាវនាវ មុននឹងចាត់ការលើបណ្តឹងណាមួយប្រឆាំងនឹងមេធាវី អាជ្ញាធរគួរពិនិត្យឱ្យបានច្បាស់លាស់ថាតើសកម្មភាពនោះជាការប្រកបវិជ្ជាជីវៈមេធាវីដែរឬទេ។ ក្នុងករណីរកឃើញថាពាក់ព័ន្ធនឹងវិជ្ជាជីវៈ អាជ្ញាធរត្រូវបញ្ជូនសំណុំរឿងមកកាន់គណៈមេធាវី ដើម្បីដោះស្រាយតាមវិធានផ្ទៃក្នុង ស្របតាមមាត្រា ១៩ និងមាត្រា ២៧ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។

ជាមួយគ្នានេះដែរ គណៈមេធាវីក៏បានរំលឹកដល់មេធាវីទាំងអស់ ឱ្យប្រកបវិជ្ជាជីវៈដោយគោរពច្បាប់ និងក្រមសីលធម៌ឱ្យបានខ្ជាប់ខ្ជួន។ ប្រសិនបើមានករណីមេធាវីត្រូវបានប្តឹងទៅអាជ្ញាធរ ឬដឹងថាមានការប្តឹងមេធាវីណាមួយ សាមីខ្លួនត្រូវផ្តល់ព័ត៌មានមកគណៈមេធាវីជាបន្ទាន់ ដើម្បីឱ្យគណៈមេធាវីមានពេលវេលាគ្រប់គ្រាន់ក្នុងការពិនិត្យផ្លូវច្បាប់ និងផ្តល់កិច្ចការពារផ្នែកច្បាប់បានទាន់ពេលវេលា។

គណៈមេធាវីសង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ចនឹងយោគយល់ និងផ្តល់កិច្ចសហការ ដើម្បីលើកកម្ពស់តម្លៃយុត្តិធម៌ និងការអនុវត្តច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរឡើង៕

ដោយ៖ សយ រិទ្ធី

To Top