តុលាការរាជធានីភ្នំពេញ បង្គាប់ឱ្យឃុំខ្លួន នី សម្បតិ ហៅ ម៉ែរក្សា ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ (នគបាលជាតិ)»
ភ្នំពេញ៖ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងករណីញុះញង់ និងបទប្រមាថ (នគបាលជាតិ)។

ជនត្រូវចោទមានឈ្មោះ នី សម្បត្តិ ហៅម៉ែរក្សា ភេទស្រី កើតឆ្នាំ១៩៨៤ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានមុខរបរជាអ្នកលក់ផលិតផលអនឡាញ និងជាគ្រូទាយសន្លឹកបៀរ។
ឈ្មោះ នី សម្បត្តិ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទល្មើសចំនួន ២ រួមមាន៖
១. បទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
២. បទប្រមាថ (នគបាលជាតិ)
បទល្មើសនេះបានប្រព្រឹត្តទៅ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ៤៩៤, មាត្រា ៤៩៥ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ។
ចៅក្រមស៊ើបសួរបានសម្រេច៖
-បង្គាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ នី សម្បត្តិ ទៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។
-បង្គាប់ឱ្យប្រធានពន្ធនាគាររាជធានីភ្នំពេញ (PJ) ទទួល និងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
បច្ចុប្បន្ន ជនត្រូវចោទត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារតាមការកំណត់ ដើម្បីរង់ចាំការបន្តនីតិវិធីតាមផ្លូវច្បាប់៕

