ព័ត៌មានជាតិ

អ្នកសម្របសម្រួល UN ប្រចាំកម្ពុជា និងក្រសួងទេសចរណ៍ ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ។

ក្នុងជំនួបជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ លោកស្រី Vladanka Andreeva បានថ្លែងអំណរគុណ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានកោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់ បើធៀបនឹងរយៈពេល១០ឆ្នាំមុន។ ទន្ទឹមនឹងនេះ លោកស្រី ក៏បានលើកឡើងពីដំណើរទស្សនកិច្ចថ្មីៗ​ ទៅកាន់ប្រាសាទបន្ទាយឆ្មារ ដោយបានកោតសរសើរថា ប្រាសាទនេះមានសម្រស់ស្រស់ស្អាតល្អប្រណិត និងបង្ហាញពីតម្លៃប្រវត្តិសាស្ត្រដ៏អស្ចារ្យ របស់បេតិកភណ្ឌខ្មែរ។

ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរ បានផ្តោតលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ជាពិសេសក្នុងវិស័យទេសចរណ៍ ដោយផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការកែលម្អគោលនយោបាយ និងក្របខណ្ឌអនុវត្ត ការលើកកម្ពស់ស្តង់ដារទេសចរណ៍បៃតង ការពង្រឹងសមត្ថភាពឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុនៅតំបន់ទេសចរណ៍ និងការជំរុញទេសចរណ៍ផ្អែកលើសហគមន៍ ព្រមទាំងការលើកកម្ពស់ជីវភាពសហគមន៍ ការលើកទឹកចិត្តការចូលរួមរបស់យុវជន និងស្ត្រី និងការផ្តល់ការគាំទ្រ​ផ្នែកបច្ចេកទេស ក្នុងការកសាងសមត្ថភាពធនធានមនុស្ស រួមមានជំនាញបដិសណ្ឋារកិច្ច ជំនាញឌីជីថល និងជំនាញបៃតង ដើម្បីឆ្លើយតបទៅនឹង​ តម្រូវការទីផ្សារទេសចរណ៍សម័យថ្មី។

ឆ្លៀតក្នុងឱកាសនេះ ភាគីទាំងពីរ បានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ដូចជាការអភិវឌ្ឍទេសចរណ៍ផ្អែកលើសហគមន៍ ការកែលម្អប្រព័ន្ធទិន្នន័យទេសចរណ៍ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងវិស័យទេសចរណ៍ និងពន្លឿនការសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅកម្ពុជា ព្រមទាំងបន្តគាំទ្រយ៉ាងសកម្មដល់កម្ពុជា ក្នុងការជំរុញវិស័យទេសចរណ៍ ឱ្យមានលក្ខណៈបរិយាបន្ន និងនិរន្តរភាព ដើម្បីធានាថាកំណើនវិស័យនេះ នាំមកនូវផលប្រយោជន៍ជាក់ស្តែង ដល់សហគមន៍មូលដ្ឋាន និងស្របតាមគោលដៅអភិវឌ្ឍន៍សកល។

លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះតួនាទី របស់អង្គការសហប្រជាជាតិ ក្នុងការគាំទ្រកម្ពុជាលើវិស័យសង្គម និងសេដ្ឋកិច្ច ជាពិសេសការចូលរួមលើកកម្ពស់វិស័យទេសចរណ៍ ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងភាពរឹងមាំ។ លោកក៏បានគូសបញ្ជាក់ថា កម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនសេដ្ឋកិច្ច ដែលជាមូលដ្ឋានសំខាន់ សម្រាប់ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ ព្រមទាំងបង្កើតឱកាសថ្មីៗ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។

ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួម ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងមានភាពប្រកួតប្រជែងខ្ពស់ ស្របតាមទិសដៅអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ។

គួរបញ្ជាក់ផងដែរថា កម្ពុជា បានចូលជាសមាជិកអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៥៥ ហើយអង្គការសហប្រជាជាតិ បានចូលរួមជួយគាំទ្រកម្ពុជាសំខាន់មួយនៅឆ្នាំ១៩៩១ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលជាគន្លឹះសម្រាប់ការស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសកម្ពុជា៕

To Top