នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងប្រព្រឹត្តបទល្មើស Online scam មួយកន្លែងក្នុងក្រុងបាវិត ខ្លួនជនសង្ស័យ ៣២នាក់
ស្វាយរៀង ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានចុះបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online scam) មួយកន្លែងនៅចំណុចផ្ទះវីឡាជួល ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣២នាក់។

ជនសង្ស័យទាំង ៣២នោះ ជនជាតិចិន ០២នាក់ ,ជនជាតិវៀតណាម ២៩នាក់ ដើម្បីបញ្ចូលទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។

ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការចង្អុលដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្ត ដោយមានការសម្របសម្រួលពីកញ្ញា ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះបង្រ្កាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online scam) មួយកន្លែងនៅចំណុចផ្ទះវីឡាជួល ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣២នាក់។

សូមបញ្ជាក់ថា ប្រតិបត្តិការនេះ ដកហូតវត្ថុតាង រួមមាន ៖ កុំព្យូទ័រលើតុ ១០គ្រឿង, Laptop ០១គ្រឿង, ទូរស័ព្ទដៃ ៦១គ្រឿង, ដាវ ០២ដើម, រថយន្ត ០១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

