ការដឹកជញ្ជូនតាមសមុទ្រ ឆ្លងកាត់ច្រកសមុទ្រហ័រមូស ប្តូរទៅជាប្រព័ន្ធច្រករបៀងពីរ
ឡុងដ៍៖ ការដឹកជញ្ជូនតាមសមុទ្រ ឆ្លងកាត់ច្រកសមុទ្រហ័រមូស បានប្តូរទៅជា “ប្រព័ន្ធច្រករបៀងចំនួនពីរ” ដោយរួមបញ្ចូលគ្នា នូវផ្លូវភាគខាងជើង ដែលគ្រប់គ្រង ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) និងផ្លូវភាគខាងត្បូងដែលទើបបង្កើតថ្មី តាមបណ្តោយឆ្នេរសមុទ្រអូម៉ង់ នេះបើយោងតាមក្រុមហ៊ុនវិភាគ តាមសមុទ្រដែលមានទីស្នាក់ការ កណ្តាលនៅទីក្រុងឡុងដ៍។
យោងតាមរបាយការណ៍មួយ ដែលចេញផ្សាយដោយ Windward នាវាសរុបចំនួន ១១គ្រឿងបានឆ្លងកាត់ច្រក សមុទ្រនៅថ្ងៃទី៥ ខែមេសា រួមទាំងនាវាចូលចំនួន ៣គ្រឿង និងនាវាចេញចំនួន ៨គ្រឿង។ នាវាចូលទាំងអស់គឺ ជានាវាដឹកប្រេង ខណៈដែលចរាចរណ៍ចេញរួមមានទាំងនាវាដឹកប្រេង និងនាវាដឹកទំនិញ។
លំហូរចេញត្រូវបានបែងចែករវាងផ្លូវទាំងពីរ។ នាវាចំនួន ៥គ្រឿងបានឆ្លងកាត់ច្រករបៀងភាគខាងជើងនៅជិតកោះ Larak ដែលនៅតែស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ IRGC ខណៈដែលនាវាចំនួន ៣គ្រឿងបានប្រើប្រាស់ ច្រករបៀងភាគខាងត្បូងតាមបណ្តោយឆ្នេរសមុទ្រអូម៉ង់។
របាយការណ៍នេះបានកត់សម្គាល់ថា ផ្លូវភាគខាងជើងនៅតែបន្តដំណើរ ការក្រោមការគ្រប់គ្រងរបស់ IRGC ដែលផ្តោតជុំវិញកោះ Larak។ ទន្ទឹមនឹងនេះ ការលេចចេញនូវច្រករបៀងភាគខាងត្បូង អនុញ្ញាតឱ្យនាវាដឹក ជញ្ជូននៅខាងក្រៅតំបន់ត្រួតពិនិត្យ។
ទិន្នន័យបានបង្ហាញថា ច្រករបៀងភាគខាងត្បូង បានចាប់ផ្តើមដំណើរការនៅថ្ងៃទី២ ខែមេសា នៅពេលដែលនាវាចំនួន ៣គ្រឿង រួមទាំងនាវាដឹកប្រេងឆៅធំៗពីរគ្រឿង និងនាវាដឹកឧស្ម័នធម្មជាតិរាវ (LNG) មួយគ្រឿង បានប្រើប្រាស់ផ្លូវនេះ។ នេះបានសម្គាល់ការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG) លើកដំបូងឆ្លងកាត់ច្រកសមុទ្រ ចាប់តាំងពីការផ្ទុះឡើង នៃអរិភាពនៅតំបន់មជ្ឈឹមបូព៌ា៕
ប្រែសម្រួល ឈូក បូរ៉ា
