ព័ត៌មានជាតិ

លោក ខូយ រីដា អញ្ជើញជាអធិបតីក្នុងពិធីរៀបចំសង្ក្រាន្តឆ្នាំថ្មី ជូនប្រជាពលរដ្ឋនៅជំរុំភៀសសឹក និងអាហារសាមគ្គីនៅវិទ្យាល័យហ៊ុន សែន ប្រម៉ោយ ក្នុងស្រុកវាលវែង

ពោធិ៍សាត់៖ ក្នុងស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធី «សង្ក្រាន្តជំរុំភៀសសឹក និងអាហារសាមគ្គី» នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ដើម្បីនាំយកភាពរីករាយ និងផ្តល់ការលើកចិត្ត ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាន។

ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ហេង សុខណាង អគ្គនាយករងពន្ធដារ និងជាសមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

បងប្អូនប្រជាពលរដ្ឋក៏បានទស្សនាការសម្តែងរបាំត្រុដិ និងលេងល្បែងប្រជាប្រិយខ្មែរយ៉ាងច្រើន ហើយអ្វីដែលកាន់តែពិសេសនោះ គឺការទទួលទានអាហារសាមគ្គីដែលរៀបចំដោយ ស.ស.យ.ក ថ្នាក់កណ្តាល រួមជាមួយស្តង់ភេសជ្ជៈដែលផ្តល់ជូនដោយឥតគិតថ្លៃ ពីក្រុមហ៊ុន Vattanac ដែលបានញ៉ាំងឱ្យបរិយាកាសកាន់តែមានភាពស្និទ្ធស្នាល និងកក់ក្តៅ៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top