អភិបាលខេត្តពោធិ៍សាត់ អញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការចំណុះរចនាសម្ព័ន្ធសាលាខេត្តសរុបប្រមាណជាង ២០០ នាក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៨ ខែ មេសា ឆ្នាំ២០២៦ ក្នុងបរិយាកាសដ៏សប្បាយរីករាយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ដែលជិតឈានចូលមកដល់ខាងមុខនេះ នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្តពោធិ៍សាត់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការ ចំណុះរចនាសម្ព័ន្ធសាលាខេត្ត សរុបជាង២០០នាក់។

ថ្លែងក្នុងឱកាសដ៏មានអត្ថន័យនេះ លោក ខូយ រីដា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានរួមសុខរួមទុក្ខ បំពេញភារកិច្ចបម្រើជាតិ និងប្រជាជនក្នុងខេត្តពោធិ៍សាត់ យ៉ាងសកម្មពេញមួយឆ្នាំកន្លងមកនេះ ពិសេសក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ និងអន្តរាគមន៍ជួយជនភៀសសឹក ក៏ដូចជាគ្រួសារកងទ័ព។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា មន្ត្រីរាជការត្រូវតែជាគំរូដ៏ល្អ សម្រាប់សាធារណជន។ ត្រូវបន្តពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង ជាពិសេសការងាររដ្ឋបាល និងការសរសេរអក្ខរាវិរុទ្ធខ្មែរ ឱ្យបានត្រឹមត្រូវបំផុត ដើម្បីធានានូវសេចក្តីថ្លៃថ្នូរ និងភាពច្បាស់លាស់ នៃឯកសាររដ្ឋបាល។

លោកអភិបាលខេត្ត បានដាស់តឿនថា រាល់ការបំពេញភារកិច្ច ត្រូវយកចិត្តទុកដាក់ខ្ពស់។ ក្នុងករណីដែលមានការផ្លាស់ប្តូរតួនាទី ឬបញ្ចប់ភារកិច្ចតាមយថាហេតុណាមួយ សូមកុំឱ្យមានសតិអារម្មណ៍មិនល្អ ឬការថ្នាំងថ្នាក់ឡើយ ព្រោះមន្ត្រីរាជការ ត្រូវតម្កល់ផលប្រយោជន៍អង្គភាព និងសង្គមជាតិជាធំ។

លោក ខូយ រីដា បានលើកទឹកចិត្តឱ្យមន្ត្រីទាំងអស់ បន្តរក្សានូវស្មារតីជួយគ្នាទៅវិញទៅមក បង្កើនទំនាក់ទំនងល្អក្នុងកន្លែងការងារ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនខេត្តពោធិ៍សាត់។

លោកអភិបាលខេត្ត បានវាយតម្លៃខ្ពស់ដែលខេត្តពោធិ៍សាត់ ទទួលបានជោគជ័យយ៉ាងធំធេងលើ “ការងារអនាម័យបរិស្ថាន” និង “ការដំឡើងភ្លើងបំភ្លឺសាធារណៈ” ដែលធ្វើឱ្យក្រុង-ស្រុកមានសោភ័ណភាពស្រស់បំព្រង មានការរៀបចំសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ និងកាត់បន្ថយបានគ្រោះថ្នាក់ចរាចរណ៍បានច្រើន។

លោកអភិបាលខេត្ត ក៏បានអំពាវនាវ ដល់មន្ត្រីយើង ត្រូវចាប់ផ្តើមធ្វើជាគំរូពីខ្លួនឯង និងគ្រួសារ ដោយត្រូវ “រៀបចំសម្អាតបរិស្ថាននៅមុខផ្ទះរៀងៗខ្លួនឱ្យមានរាសី” ដើម្បីទទួលទេវតាឆ្នាំថ្មីផង និងដើម្បីលើកកម្ពស់មុខមាត់ខេត្តពោធិ៍សាត់ទាំងមូលផងដែរ។


លោក ខូយ រីដា សូមជូនពរជ័យសិរីសួស្តី ដល់មន្ត្រីរាជការ និងបុគ្គលិកទាំងអស់ សូមឱ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ សុភមង្គលក្នុងគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងទទួលបានការធ្វើដំណើរប្រកបដោយសុវត្ថិភាព ក្នុងឱកាសសម្រាកកម្សាន្តបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ៕


ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល
