ព័ត៌មានជាតិ

សម្តេចធិបតី៖ កម្ពុជា ជាប្រទេសធនធានតិចតួច តែការគ្រប់គ្រងការឆ្លងជំងឺកូវីដ១៩ ត្រូវបានចាត់ទុកថាជោគជ័យដ៏គួរឱ្យកត់សម្គាល់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលមានធនធានតិចតួច ការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា ត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថា ជាភាពជោគជ័យដ៏គួរឱ្យកត់សម្គាល់ ទាំងក្នុងដំណាក់កាលទប់ស្កាត់យ៉ាងតឹងរ៉ឹង និងទាំងក្នុងដំណាក់កាលស្តារប្រទេសឡើងវិញ ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញធ្វើបទអន្តរាគមន៍ លើប្រធានបទទី២​ ស្តីពី​ “ជំងឺឆ្លង”​ ជូនដល់អង្គពិធីនៃកិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ នៅសាធារណរដ្ឋបារាំង កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ។

ក្នុងនោះសម្តេចធិបតី បានកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលបារាំង ដែលបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលនេះ នាខណៈពេលដ៏សំខាន់មួយ សម្រាប់មនុស្សជាតិ និងភពផែនដីរបស់យើង ។

សម្តេចធិបតី មានប្រសាសន៍ថា “យើងទាំងអស់គ្នា នៅតែអាចចងចាំបាន ពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ ពោះបីកម្ពុជា ជាប្រទេសដែលមានធនធានតិចតួច ការគ្រប់គ្រងការឆ្លងរាលនៃជំងឺកូវីដ១៩ នៅកម្ពុជា ត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថា ជាភាពជោគជ័យដ៏គួរឱ្យកត់សម្គាល់ ទាំងក្នុងដំណាក់កាលទប់ស្កាត់យ៉ាងតឹងរ៉ឹង និងទាំងក្នុងដំណាក់កាលស្តារប្រទេសឡើងវិញ ដោយមានការចាក់វ៉ាក់សាំងបានទូលំទូលាយ” ។

ជាមួយគ្នានេះ សម្តេចធិបតី ចាត់ទុកការជួបជុំនេះ បានផ្តល់នូវវេទិកាមួយ ដើម្បីកែទម្រង់ពីវិធីសាស្ត្រប្រពៃណី ឆ្ពោះទៅរកវប្បធម៌សុខភាពតែមួយ ដែលមានលក្ខណៈជាប្រព័​ន្ធ មានសមាហរណកម្ម និងការឯកភាពគ្នា ដើម្បីការពារប្រព័ន្ធអេកូឡូស៊ី មនុស្ស សត្វ និងបរិស្ថាន៕

To Top