ព័ត៌មានជាតិ

ក្រសួងការងារ និងក្រសួងឧស្សាហកម្ម រួមគ្នាជំរុញការអនុវត្តស្ដង់ដាសុវត្ថិភាពម្ហូបអាហារដល់ម្ចាស់សហគ្រាស SMEs ដើម្បីបង្កើនភាពប្រកួតប្រជែង និងបង្កើតការងារសមរម្យនៅកម្ពុជា

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (MLVT) រួមជាមួយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងដៃគូនៃកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) រៀបចំពិធីបើកជាផ្លូវការនូវវគ្គបណ្ដុះបណ្ដាលស្ដីពី «ការគ្រប់គ្រងអនាម័យ និងសុវត្ថិភាពម្ហូបអាហារតាមគោលការណ៍ GHPs/HACCP» នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងឧស្សាហកម្ម។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក​ ហេង សុខគង់ រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកស្រី​ ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក សុខ ណារិន តំណាងប្រចាំប្រទេសនៃអង្គការ UNIDO។

នាឱកាសនេះ លោកស្រី​អនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នេះ បានប្រមូលផ្ដុំម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) មកពីរាជធានីភ្នំពេញក្នុងវិស័យកែច្នៃចំណីអាហារប្រមាណ ៣០នាក់។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងសំខាន់ក្នុងការពង្រឹងសមត្ថភាពដល់ម្ចាស់សហគ្រាសលើស្ដង់ដាសុវត្ថិភាពចំណីអាហារ ដើម្បីបង្កើនភាពប្រកួតប្រជែងក្នុងទីផ្សារ និងលើកកម្ពស់ឱកាសការងារសមរម្យសម្រាប់យុវជននៅកម្ពុជា។

លោកស្រី​ក៏បានបញ្ជាក់បន្ថែមថា កម្មវិធី DEY ដែលទទួលបានការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) នឹងបន្តផ្ដល់ការគាំទ្រ និងលើកកម្ពស់ដល់សហគ្រាសធុនតូច និងមធ្យម ឱ្យសម្រេចបាននូវការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ។ កិច្ចខិតខំប្រឹងប្រែងនេះ នឹងរួមចំណែកយ៉ាងសំខាន់តាមរយៈការបង្កើតការងារថ្មីៗ ការកែលម្អលក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ និងការកសាងប្រព័ន្ធចំណីអាហារដែលមានសុវត្ថិភាពខ្ពស់សម្រាប់ផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប។

ជាមួយគ្នានេះ លោកស្រី​អនុរដ្ឋលេខាធិការ ក៏បានរំលេចពីបេសកកម្មរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានបើកវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងកម្មវិធីថ្នាក់ជាតិសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១,៥លាននាក់ (TVET 1.5M) ដើម្បីអភិវឌ្ឍជំនាញឱ្យកាន់តែប្រសើរ និងប្រើប្រាស់យន្តការរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការទទួលបានព័ត៌មានពីឱកាសការងារ និងចុះឈ្មោះស្វែងរកការងារ និងទាក់ទងលេខទូរស័ព្ទ Hotline ១២៩៧ ឬ ១២៨៦ ដើម្បីទទួលបានការពិគ្រោះយោបល់ និងព័ត៌មានច្បាស់ការណ៍៕

To Top