ប្រធានាធិបតីបារាំង មានក្តីសោមនស្សរីករាយ មកបំពេញទស្សនកិច្ចនៅកម្ពុជា
ភ្នំពេញ ៖ លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានបង្ហាញក្តីសោមនស្សរីករាយទុកជាមុន សម្រាប់ការអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ ។

តាមរយៈសេចក្តីថ្លែងការណ៍ របស់លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បង្ហោះក្នុងហ្វេសប៊ុក របស់ស្ថានទូតបារាំងប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦បានឱ្យដឹងថា បន្ទាប់ពីជំនួបពិភាក្សា ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងប៉ារីសរួចមកលោក Macronបានថ្លែងអំណរ គុណសម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូល សុខភាពតែមួយ (One Health Summit) នៅទីក្រុងលីយ៉ុង ។

បើតាមប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ទាំងលោក និងសម្តេចធិបតី ក៏មានជំនួបពិភាក្សាផ្លាស់ប្តូរ យោបល់ រវាងប្រទេសទាំងពីរ នៅក្នុងទីក្រុងប៉ារីសផងដែរ ។

លោក Macron គូសបញ្ជាក់ថា រវាងកម្ពុជា និង បារាំង មានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើន កាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ ។

លោកសង្កត់ធ្ងន់ថា តាមរយៈអង្គការហ្វ្រង់កូហ្វូនី (Francophonie) កម្ពុជា-បារាំង ក៏កំពុងបន្តដំណើរជាមួយគ្នាផងដែរ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅ Villers-Cotterêts ក្នុងឆ្នាំ២០២៤ ការណាត់ជួបបន្ទាប់ត្រូវបានកំណត់ធ្វើឡើងនៅភ្នំពេញ ដែលនៅទីនោះ ឯកឧត្តមនឹងមានសេចក្តីសោមនស្សរីករាយ ក្នុងការទៅបំពេញទស្សនកិច្ចនាខែវិច្ឆិកា ។

ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង គូសបញ្ជាក់បន្ថែមថា នេះជាឱកាសបន្ថែមមួយទៀត ដើម្បីពង្រឹងចំណងមិត្តភាព ដែលផ្សារភ្ជាប់ប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតខ្លាំងឡើង ៕


