ក្រសួងកសិកម្ម នឹងបង្កើត សហគមន៍កសិកម្មទំនើប ជួយទ្រទ្រង់ជីវភាពជនភៀសសឹក
ភ្នំពេញ ៖ លោក ឃឹម ហ្វីណង់អ្នកនាំពាក្យក្រសួង កសិកម្ម បានលើកឡើងថា ក្រសួងមានគម្រោង បង្កើតកសិដ្ឋាន នៃកសិកម្មទំនើប នាពេលឆាប់ខាងមុខ ដើម្បីជួយទ្រទ្រង់ជីវភាពពលរដ្ឋភៀសសឹកក្នុងរយៈពេលវែង ។

ក្នុងឱកាសចូលរួមធ្វើសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសា បានថ្លែងថា គម្រោងកសិដ្ឋាន នៃកសិកម្មទំនើប ដែលគ្រោងបង្កើតឡើង នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ជីវភាពពលរដ្ឋភៀសសឹក ក្នុងរយៈពេលវែង តាមរយៈការបង្កើតនូវឱកាសការងារពេញម៉ោងជាច្រើនកន្លែង នៅក្នុងខ្សែច្រវ៉ាក់ប្រតិបត្តិការ របស់សហគមន៍ រាប់ចាប់តាំងពីការដាំដុះ ការមើលថែផ្ទះសំណាញ់ ការគ្រប់គ្រងបច្ចេក ទេសកសិកម្ម រហូតដល់ការកែច្នៃក្រោយការប្រមូលផល ការគ្រប់គ្រងស្ដុក ការដឹកជញ្ជូន និងការងាររដ្ឋបាលមួយចំនួនទៀត ។
លោកថា នេះគឺជាការផ្ដល់អាទិភាពដាច់ខាតដល់ពលរដ្ឋភៀសសឹក ដើម្បីជំនួសវិញនូវប្រាក់ចំណូលដែលបាត់បង់ ។
អ្នកនាំពាក្យបន្ថែមថា “បន្ទាប់ពីបងប្អូន ប្រជាពលរដ្ឋភៀសសឹក មានស្ថិរភាពក្នុងការតាំងទីលំនៅរួច រាល់ហើយយើងនឹងចាប់ផ្តើមឈាន ចូលដល់ជំហានទី២ គឺការចាប់ផ្តើមកសាងសហគមន៍ កសិកម្មទំនើបដើម្បីធ្វើផលិតកម្មរួមគ្នា ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត”។
អ្នកនាំពាក្យគូសបញ្ជាក់ថា ហេតុដូច្នេះហើយជម្រើសដែលមានប្រសិទ្ធសេដ្ឋកិច្ចខ្ពស់បំផុត គឺការធ្វើកសិកម្មជាប្រព័ន្ធ បែបប្រមូលផ្តុំដោយមានការវិនិយោគរឹងមាំ លើហេដ្ឋារចនា សម្ព័ន្ធផលិតកម្ម និងការរៀបចំប្រព័ន្ធស្រោចស្រព ឱ្យបានច្បាស់លាស់ជាមុនសិន៕
