អភិបាលខេត្តកំពង់ចាម បង្ហាញអំពីអត្ថប្រយោជន៍ នៃការរៀបចំសង្ក្រាន្តកំពង់ចាម ឆ្នាំថ្មីនេះ
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបង្ហាញអំពីអត្ថប្រយោជន៍ជាច្រើន ក្នុងការរៀបចំសង្ក្រាន្តកំពង់ចាម ឆ្នាំថ្មី ២០២៦នេះ ដែលពាក់ព័ន្ធការរក្សាវប្បធម៌ប្រពៃណីសាសនា និងការរំលឹកដឹងគុណដល់វីរៈកងទ័ពការពារព្រំដែន និងប្រយោជន៍ដល់សេដ្ឋកិច្ចខេត្តជាដើម ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ការរៀបចំសង្ក្រាន្តកំពង់ចាមឆ្នាំនេះ គឺរដ្ឋបាលខេត្តបានពិភាក្សាជាមួយថ្នាក់ដឹកនាំយ៉ាងល្អិតល្អន់ ដែលសង្ក្រាន្តនេះមានទ្រង់ទ្រាយធំជាងឆ្នាំ២០២៥ និងមានផែនការជាក់លាក់ ក្នុងនោះ ៖

ទី១ ៖ គឺការថែរក្សាវប្បធម៌ប្រពៃណីសាសនារបស់យើង ឱ្យបានល្អគង់វង្ស ជាពិសេស បញ្ជ្រាបការយល់ដឹងដល់ផ្នត់គំនិត នៃស្រទាប់យុវជនរបស់យើង តាមរយៈការចូលរួមលេងល្បែងប្រពៃណី ។ បន្ថែមលើនេះ គឺជាការដឹងគុណដល់វីរកងទ័ពដែលកំពុងឈរជើងការពារព្រំដែន នៃយើងព្រោះថាការរៀបចំនេះ បានរំលេចនូវផ្ទាំងរូបភាព និងការដង្ហែក្បួនក៏មានរំលេចនូវអត្ថន័យ នៃវីរៈកងទ័ពរបស់យើងតាមរយៈការចាក់ចម្រៀងផងដែរ។

ទី២ ៖ គឺជាការពង្រឹងនូវសេដ្ឋកិច្ចខេត្តកំពង់ចាម ដោយហេតុថា ប្រសិនបើប្រជាពលរដ្ឋមកកំសាន្តច្រើនរហូតដល់ជាង ២ លាននាក់ ដោយ ១នាកចាយប្រាក់តែ ២០ ដុល្លារ នោះថវិកាចំណូលក្នុងខេត្ត និងទទួលបានជាង ៤០ លានដុល្លារ ដែលថវិកាទាំងនេះគឺអាចរក្សានូវប្រក្រតីភាព សេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងខេត្ត របស់យើងផងដែរ។
ទី៣ ៖ គឺការបង្កើនឱកាសវិនិយោគ ពោលគឺនៅពេលដែលភ្ញៀវទេសចរណ៍ចូលមក គាត់អាចឃើញការដាក់តាំងបង្ហាញស្តង់ពិពណ៌ បានឃើញការអភិវឌ្ឍក្នុងខេត្ត និងតាមបណ្ដាស្រុក នីមួយៗ ពួកគាត់អាចចាប់អារម្មណ៍ និងដាក់ទុនវិនិយោគ នៅក្នុងខេត្តរបស់យើង។
លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ការរៀបចំសង្ក្រាន្តនេះ គឺមិនត្រឹមតែបង្ករលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺនៅមានអត្ថប្រយោជន៍ជាច្រើនទៀត ដើម្បីភាពរីកចម្រើនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តរបស់យើងផងដែរ។
អត្ថបទដោយ: គីហ្សូណា / ដើមអម្ពិល/ កំពង់ចាម
រូបភាពដោយ: គីហ្សូណា
