រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អញ្ជើញជួបសម្តែងការគួរសម និងគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួង នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ នាពេលខាងមុខនេះ នៅគេហដ្ឋានរបស់សម្ដេច។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ លោករដ្ឋមន្ត្រី និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ បានសម្តែងនូវសេចក្តីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិសង្គហបណ្ឌិត និងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរ ដើម្បីបន្តចូលរួមដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកភាពរុងរឿងបន្ថែមទៀត៕




