ប្រតិបត្ដិការឆ្លងខេត្ដ-រាជធានី សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្ដកំពង់ស្ពឺ បង្រ្កាបបានមុខសញ្ញា ២នាក់ ថ្នាំញៀនជាង១០គីឡូក្រាម
កំពង់ស្ពឺ៖ អនុវត្ដតាមបទបញ្ជា និងការដឹកនាំដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការសម្របសម្រួលនីតិវិធីពី លោក សុិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ និងការដឹកនាំកំលាំងផ្ទាល់ពីលោកវរសេនីយ៍ទោ ហ៊ាង ឈាងលី ស្នងការរង (ស្ដីទី) ផែនការងារប្រឆាំងគ្រឿងញៀន បង្រ្កាបបានមុខសញ្ញា ២នាក់ និងថ្នាំញៀនប្រភេទបម្រុះជាង១០គីឡូក្រាម។

បេីកប្រតិបត្ដិការតស៊ូលេីករណីមុខសញ្ញាចាស់ជាកជាក់ស្ដែង តាំងពីថ្ងៃទី៦ ខែមេសា រហូតមកដល់ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ៖
- ឈ្មោះ វង់ ស៊ីថា ហៅ ញ៉ាញ់ ភេទ ប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់ធំ, ទូរស័ព្ទ ១គ្រឿង, ម៉ូតូ ១គ្រឿង។

ដោយបានការអនុញ្ញាតបន្ដពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ និងការនិងការបន្ដនីតិវិធីដោយតំណាងអយ្យការ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបន្តឆែកឆេរផ្ទះរបស់ឈ្មោះ វង់ ស៊ីថា នៅចំណុចភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ដកហូតម្សៅក្រាមពណ៍សថ្លាសង្ស័យជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ចំនួន ៣២កញ្ចប់(ធំ១២,តូច២០) ប្រភេទម្សៅខេ(K)ចំនួន ២កញ្ចប់, ប្រភេទអ៊ឹមឌីអ៊ឹមអេ (MDMA) ចំនួន ៤៩កញ្ចប់, ម្សៅប្រភេទJNX ចំនួន ៦កំប៉ុង, ម្សៅម៉ដ្ឋរូបស្លឹកឈើចំនួន ៤កញ្ចប់ធំ, បារីអេឡិចត្រូនិចចំនួន ៣៩ដើម, ទឹកអាកុលចំនួន ៣លីត្រ, ឧបករណ៍កែច្នៃផលិតគ្រឿងញៀនមួយចំនួន, កាំបិត ១ដើម, អាវុធកែច្នៃ ១ដើម, វ៉ាលីចំនួន២, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

បន្ទាប់មកក្រុមប្រតិបត្តិការបានបន្តទៅឃាត់ខ្លួនឈ្មោះ ឯម ស្រីនា ភេទស្រី អាយុ ៣៥ឆ្នាំ ត្រូវជាប្រពន្ធញ៉ាញ់ នៅចំណុចភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ដកហូតទូរស័ព្ទ ១គ្រឿង ផ្អែកតាមចម្លើយសារភាពថាគ្រឿងញៀនបានមកពី ឯ ស ភ ភេទប្រុស នៅភូមិឈូកវ៉ា២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ត្រូវជាបងបង្កេីតរបស់ ឯម ស្រីនា) តែមុខសញ្ញាគេចខ្លួនក្រោយទទួលដំណឹងពីជនសង្ស័យដែលត្រូវបានបង្រ្កាប នៅខេត្ដកំពង់ស្ពឺ។
ចំពោះជនសង្ស័យទាំង២នាក់ប្ដីប្រពន្ធ រួមជាមួយវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបាន កម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕
ដោយ៖ សុខ សុភ័ណ្ឌ|កំពង់ស្ពឺ|មជ្ឈមណ្ឌលដើមអម្ពិល|រូថតសមត្ថកិច្ច
