ព័ត៌មានជាតិ

១០ខែ ក្នុងឆ្នាំ២០១៩ ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល ប្រមាណជាង ២៥ពាន់លានរៀល បានបើកជូន កម្មការិនីជាស្រ្តី សម្រាលកូន

ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះជីវៈភាពរស់នៅ និងសុខុមាលភាព របស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ដែលបម្រើការងារក្នុងវិស័យឯកជន ទាំងក្នុងនិងក្រៅប្រព័ន្ធ រាជរដ្ឋាភិបាល បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនកម្មការិនីជាស្រ្តី សម្រាលកូន តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស.) ជាសេនាធិការ និងមានតួនាទី ក្នុងការបំពេញកិច្ចការមួយនេះ ។

គិតត្រឹម ១០ខែប៉ុណ្ណោះ ក្នុងឆ្នាំ២០១៩ នេះ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) បានបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាលជូន ដល់បងប្អូនកម្មការិនីជាសមាជិក ប.ស.ស. ដែលសម្រាលកូន មានចំនួន ៦២ ៤៦៤នាក់ (ក្នុងនោះស្ត្រីកូនភ្លោះពីរចំនួន ៤០៨នាក់ និងស្រ្តីកូនភ្លោះបីចំនួន ០៥នាក់) និងមានចំនួនកូនសរុប ៦២ ៨៨០នាក់ ដោយចំណាយថវិកាសរុប ប្រមាណជាង ២៥ ពាន់លានរៀល។

គួរំលឹកផងដែរថា ការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាលនេះ គឺត្រូវអនុវត្តតាំងតែពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មកម្លេះ ដែលក្នុងនោះសំរាប់ស្រ្តី ដែលសម្រាលបាន៖សម្រាលកូនមួយ ទទួលបាន ៤០ម៉ឺនរៀល
-សម្រាលកូនភ្លោះ (ពីរនាក់) ទទួលបាន ៨០ម៉ឺនរៀល
-សម្រាលកូនភ្លោះ (បីនាក់) ទទួលបាន ១២០ម៉ឺនរៀល ហើយអ្វីដែលត្រេកអរបំផុតនោះ គឺកូនភ្លោះ ៣នាក់ជាកូនរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយទទួលបានប្រាក់ឧបត្ថម្ភចំនួន ៥លានរៀលបន្ថែមទៀតពី សម្តេចតេជោ ផ្ទាល់ផងដែរ។

សូមបញ្ជាក់ថា៖ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាលឱ្យកាន់តែលឿន និងទាន់ពេលវេលា ព្រមទាំងមានប្រសិទ្ធភាព នៅពេលសម្រាលត្រូវកូន សាមីខ្លួនត្រូវអនុវត្ត តាមសេចក្តីណែនាំដូចខាងក្រោម ៖
ទី១. កម្មករនិយោជិតជាស្រ្តី ត្រូវអញ្ជើញមកបំពេញបែបបទ នៅទីស្នាក់ការ ប.ស.ស. ក្នុងរាជធានី ខេត្ត ក្នុងកំលុងពេលយ៉ាងយូរ ៣ខែ មុនសម្រាលកូន។
ទី២. សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវ លិខិតពិនិត្យផ្ទៃពោះដែលបានបញ្ជាក់ កាលបរិច្ឆេទត្រូវសម្រាល (អេកូ) បណ្ណសមាជិក ប.ស.ស ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់ របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។
ទី៣. ករណីសាមីខ្លួន មិនបានមកបំពេញបែបបទនៅ ប.ស.ស. ក្នុងកំលុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស. យ៉ាងយូរបំផុត ១ (មួយ) ខែ ក្រោយថ្ងៃសម្រាលកូន។
ទី៤. សាមីខ្លួន ឬសាច់ញ្ញាតិត្រូវជូនដំណឹងមក ប.ស.ស តាមលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាក ក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស.៕

To Top