ព័ត៌មានជាតិ

បណ្តាអង្គទូត យល់ច្បាស់ពីការបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា បណ្តាអង្គទូតនិងតំណាងអង្គការអន្តរជាតិនានា បានយល់អំពីការបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ជាបន្តបន្ទាប់នៅទូទាំងប្រទេសកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានថ្លែងថា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញមួយកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២៦ នៅចំពោះមុខអង្គទូត និងអង្គការអន្តរជាតិប្រចាំកម្ពុជា ពាក់ព័ន្ធនឹងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានចូលជាធរមានកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។ បទបង្ហាញនេះ ដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

អ្នកនាំពាក្យបន្តថា “តាមរយៈបទបង្ហាញនេះ អង្គទូតនិងតំណាងអង្គការអន្តរជាតិនានា បានយល់អំពីការបង្ក្រាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ជាបន្តបន្ទាប់នៅទូទាំងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដោយបាននាំមកនូវលទ្ធផលជាច្រើន” ។

លោកថា បណ្តាអង្គទូតនិងតំណាងអង្គការអន្តរជាតិទាំងនោះ ក៏បានយល់ពីសារៈសំខាន់ និងភាពពាក់ព័ន្ធនៃច្បាប់ថ្មីប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលទើបតែត្រូវបានអនុម័ត។ ច្បាប់ថ្មីនេះ ដាក់ទោស យ៉ាងតឹងរ៉ឹងចំពោះជនល្មើស និងជាឧបករណ៍គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព សម្រាប់អាជ្ញាធរអនុវត្តច្បាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោកសង្កត់ធ្ងន់ថា ទន្ទឹមនឹងនោះ កម្ពុជាក៏ត្រូវការដៃគូអន្តរជាតិបន្តជួយគាំទ្រផ្នែកកសាងសមត្ថភាព ជំនួយបច្ចេកទេស ការចែករំលែកព័ត៌មាន និងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួន៕

To Top