ព័ត៌មានអន្តរជាតិ

ចិនវ៉ាដាច់ សហរដ្ឋអាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំ ជាងគេរបស់ឥណ្ឌា

បរទេស ៖ ស្ថានទូតប៉េកាំងប្រចាំទីក្រុងញូវដេលី ប្រទេសឥណ្ឌា បាននិយាយថា ចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌាក្នុងឆ្នាំហិរញ្ញវត្ថុ ២០២៥-២៦ ដោយវ៉ាដាច់សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ថា លោក Xu Feihong ឯកអគ្គរដ្ឋទូតក្រុងប៉េកាំងប្រចាំទីក្រុងញូវដេលី បានមានប្រសាសន៍ក្នុងសារមួយថា ពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌា និងចិន បានសម្រេចបានដល់ទៅ ១៣៧ ពាន់លានដុល្លារក្នុងរយៈពេលរវាងខែមេសា ឆ្នាំ ២០២៥ និងខែកុម្ភៈ ឆ្នាំ ២០២៦។

លោក Xu បានបង្ហោះនៅលើបណ្តាញសង្គម X ថា “ខ្ញុំរីករាយដែលបានដឹងថា ចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌាក្នុងឆ្នាំហិរញ្ញវត្ថុ ២០២៦ សម្រាប់ខែទី១១ ជាប់ៗគ្នា”។

ពាណិជ្ជកម្មទ្វេភាគីរបស់ឥណ្ឌាជាមួយសហរដ្ឋអាមេរិកមានចំនួន ១២៧,៨ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នា។ ចំណែកទីក្រុងវ៉ាស៊ីនតោនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ទីក្រុងញូវដេលីរយៈពេលបួនឆ្នាំជាប់ៗគ្នារហូតដល់ឆ្នាំ ២០២៤-២៥។

កាលពីខែកុម្ភៈ លោក Qin Jie អគ្គកុងស៊ុលចិនប្រចាំទីក្រុងមុំបៃ បាននិយាយថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសជិតខាងទាំងពីរ នឹងមិនរងផលប៉ះពាល់ដោយកត្តាខាងក្រៅឡើយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top