ព័ត៌មានជាតិ

កម្ពុជា តវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃ ដែលកាន់កាប់ដោយខុសច្បាប់ នៅតំបន់ព្រំដែនកម្ពុជា

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជំទាស់ជាផ្លូវការប្រឆាំងនឹងប្រទេសថៃចំពោះសកម្មភាពខុសច្បាប់ នៅក្នុងតំបន់ដែលកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងខេត្តបាត់ដំបង និង ឧត្តរមានជ័យ តាំងពីខែធ្នូ ឆ្នាំ២០២៥។ 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ថា សកម្មភាពទាំងនេះ មាន៖ ការលើកដងទង់ជាតិថៃនៅលើខ្នងទំនប់ខាងកើតនៃអូរទីពីរ ក្នុងស្រុកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦

ការសាងសង់របងព្រំដែនជាឯកតោភាគីនៅក្នុងតំបន់ចន្លោះបង្គោលព្រំដែនលេខ ៥២ និង ៥៤ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ ២០២៦ និង

ការចុះពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយលោក ឧត្តមសេនីយ៍ ប្រាផាស ស៊ុនឆៃឌី (Prapas Sornchaidee) មេបញ្ជាការកងទ័ពអាកាសថៃ (Thailand’s Air Chief Marshal) ដោយនាំក្រុមអ្នកសារព័ត៌មានថៃ និងបរទេសទៅកាន់ សណ្ឋាគារ Royal Hill Hotel និងសណ្ឋាគារ Royal O Smach Hotel and Resort ក្នុង ស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ

សកម្មភាពទាំងនេះ ដែលបង្ហាញពីការប្រើសិទ្ធិអំណាចរដ្ឋបាលដោយប្រទេសថៃ រំលោភលើ អធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក៏ដូចជាលើចំណុចទី I (វិធានការកាត់បន្ថយភាពតានតឹង) នៃ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មការព្រំដែនទូទៅ (GBC) នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ ការសាងសង់របងព្រំដែនដោយឯកតោភាគីនេះកាន់តែផ្ទុយទៅនឹងអាណត្តិរបស់គណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងបានប៉ះពាល់ទៅលើការដាំបង្គោលព្រំដែនបណ្តោះអាសន្នដែល បានធ្វើដោយក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ គិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥៕

To Top