ព័ត៌មានជាតិ

សម្តេចធិបតី​៖ ទោះបីយន្តការការទូតមានតែ១% ក៏ត្រូវតែព្យាយាមឱ្យអស់លទ្ធភាព ដើម្បីបញ្ជៀសការបង្ហូរឈាម ជុំវិញជម្លោះព្រំដែន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជុំវិញជម្លោះព្រំដែនជាមួយប្រទេសថៃ ដ៏រាបណា យន្តការការទូតនៅតែអាចប្រើបាន ទោះ១% ក៏សម្តេចត្រូវតែព្យាយាមឱ្យអស់លទ្ធភាព ធ្វើយ៉ាងណា បញ្ជៀសការបង្ហូរឈាម និងការស្លាប់បាត់បង់អាយុជីវិត ។

ក្នុងឱកាសអញ្ជើញ សម្ពោធគម្រោងសាងសងធនធានទឹកចម្រុះ ហ្វូណនតេជោ កំណាត់ទី២ នៅខេត្តតាកែវ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល មិនដែលភ្លេចបងប្អូនជនភៀសសឹកឡើយ ហើយផ្ទះបណ្តោះអាសន្ន មិនដូចផ្ទះដើម តែល្អជាងតង់ នៅវត្ត និងជំរុំភៀសសឹក ខណៈដែលជំរុំភៀសសឹក មិនល្អ ប៉ុន្តែក្នុងអំឡេងពេលផ្ទុះអាវុធ ជំរុំភៀសសឹក នឹងល្អជាងកន្លែងគ្រាប់ផ្លោង ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដោះស្រាយ ដោយសន្តិវិធី គឺជាអ្វីដែលរាជរដ្ឋាភិបាលត្រូវធ្វើ ក្នុងការការពារអធិបតេយ្យភាពជាតិ ហើយជម្រើសដែលមិនបង្ហូរឈាម និងគ្រប់យន្តការ ក៏ដូចជាគ្រប់មធ្យោបាយទាំងអស់ តែអទិភាពធំបំផុត គឺយន្តការមិនបង្ហូឈាម មិនស្លាប់ បើសិនជាយន្តការនេះ នៅមានសង្ឃឹម នៅក្នុងការដោះស្រាយ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ខ្ញុំប្រាប់ទៀតថា បើសិនជាយន្តការការទូតនៅសល់តែ១% ​បើអាចដោះក៏ដោយ បើថាមិនទាន់បិទផ្លូវឬងាប់នោះទេ គឺខ្ញុំត្រូវតែព្យាយាមវាឱ្យអស់លទ្ធភាពសិន យើងមិនអាចបោះបង់ចោល យកជីវិតប្រជាពលរដ្ឋ យកទ្រព្យសម្បត្តិ យកការបំផ្លិចបំផ្លាញ​ទៅ វាវេទនាណាស់រួចទៅហើយ ហើយវៃគ្នាមិនចប់ទេ សងទៅសងមក មិនចប់ទេ” ។

បន្ថែមលើនេះ សម្តេចធិបតី បានថ្លែងថា ក្រៅពីយោធា នគរបាល អាវុធហត្ថ ដែលបានពាកលី និងរបួសលើសមរភូមិ ប្រជាជនស៊ីវិល ក៏រងរបួស និងស្លាប់ច្រើនដែរ៕

To Top